នៅព្រឹកមិញនេះលោក ជាវ តាយ អភិបាលខេត្តកំពត និងអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group បានចុះពិនិត្យកំណត់ជ្រើសរើសទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មី ស្ថិតនៅជិតប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើងរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
ការជ្រើសរើសអគាររដ្ឋបាលរបស់ក្រុងបូកគោ ធ្វើយ៉ាងណាឱ្យមានលក្ខណៈសមរម្យងាយស្រួល បំរើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាការងារដឹកនាំក្នុងកិច្ចអភិវឌ្ឍ ក្នុងតំបន់ដែលមានសក្ដានុពលនេះផងដែរ។
ចំពោះទីតាំងសាងសង់អាគាររដ្ឋបាលគួរអនុវត្តលើប្លង់គោលមេ មានការប្រមូលផ្ដុំការិយាល័យចំណុះក្នុងអាគាររដ្ឋបាលតែមួយ និងមានការគិតគូរទីតាំងទុកដីសម្រាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៅពេលការអភិវឌ្ឍន៍ រីកចម្រើនខាងមុខបន្តទៀត។ ដោយឡែក ទីតាំងសម្រាប់អធិការដ្ឋាននគរបាលក្រុង ក៏គួរយកទីតាំងឱ្យបានសមរម្យដាច់ដោយឡែកពីសាលាក្រុងសម្រាប់បម្រើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អ៕