កែវដំណក់ប្រេងដំបូងបំផុត ចំនួន ៥ កែវ គឺជានិមិត្តរូបនៃធនធានប្រេងកាតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន រៀបចំឡើងតាមរចនាបទខ្មែរ ដែលប្រគល់ជូន សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ ដើម្បីតំកល់ទុកជា ប្រវត្តិសាស្ត្រ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អត្ថន័យសំខាន់ៗ នៃកែវដំណក់ប្រេងដំបូងរបស់កម្ពុជារួមមាន៖
១- កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិ៍តំណាងឱ្យ ភាពរុងរឿង បរិសុទ្ធ ការចម្រើនលូត លាស់ ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេងមានកម្ពស់ ២៩ សង់ទីម៉ែត្រ តំណាងឱ្យថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។
២-ជើងពានត្របកឈូក តំណាងឲ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវ លទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាតសម្រាប់អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ជើងពានត្របកឈូក មានកម្ពស់ ១២ សង់ទីម៉ែត្រ តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបានដំណក់ ប្រេងដំបូងរបស់កម្ពុជា។
៣-ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានាក្នុងការខិតខំប្រឹងប្រែងធ្វើការងារ ទាញយកភោគផលនៃធនធានធម្មជាតិដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋាន ជើងបាត មានកម្ពស់ ២០ សង់ទីម៉ែត្រ តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូង របស់កម្ពុជា។
៤-ក្បាច់កញ្ចាំងភ្ញីភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យ តេជៈ ភាពចម្រុងចម្រើន សម្បូរសប្បាយនិងតំណាងឲ្យឆ្នាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា។
៥-និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា។ បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា “ដំណក់ប្រេងដំបូងរបស់កម្ពុជា”៕ ប្រភពដើម៖ កម្ពុជាថ្មី