រដ្ឋបាលរាជធានីភ្នំពេញ គ្រោងពង្រីកវិសាលភាពនៃការលក់ដូរនៅតាមផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងនៅក្នុងកិច្ចប្រជុំតាម Video Conference កាលពីថ្ងៃទី៨ ខែមិថុនាថា ផ្សាររដ្ឋទាំង២៥ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកឱ្យដំណើរការ លក់ដូរឡើងវិញប្រមាណ២សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ជាដើម។
ប៉ុន្តែក្រោយពីបើកឱ្យដំណើរការឡើងវិញនោះ ឃើញថានៅតាមផ្សាររដ្ឋទាំង២៥មិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នោះទេ។ ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន ។
លោកបញ្ជាក់ថា មុនពេលនៃការបើកវិសាលភាពផ្សារឱ្យបានទំលំទូលាយជាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង២៥ជាមុនសិន ដើម្បីពិនិត្យលទ្ធភាព ថាតើយើងគួតែពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា៕
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ