វិបត្តិជំងឺកូវីដ ១៩ បានទាញទម្លាក់ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាដែលធ្លាប់មានសញ្ញាវិជ្ជមាននារយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នាឱ្យដាំក្បាលចុះយ៉ាងគំហុកកាលពីឆ្នាំ ២០២០ ដោយតម្លៃទុនវិនិយោគសរុបមានជាង ៧,៨ ពាន់លានដុល្លារ ថយចុះជាង ៣០ ភាគរយធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមបាយការណ៍ FSR 2020 របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃទី ៣១ ខែឧសភា។
បាយការណ៍ FSR 2020 បានឱ្យដឹងថា បន្ទាប់ពីទទួលបានកំណើនខ្ពស់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ ២០២០ បានជួបនូវឱនភាពយ៉ាងខ្លាំង ដោយទុនវិនិយោគក្នុងវិស័យសំណង់ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុម័តមានតម្លៃសរុប ៧,៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣២,១ ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ដែលមានតម្លៃ ១១,៤ ពាន់លានដុល្លារ។
ចំណែកក្រឡាផ្ទៃសំណង់បានធ្លាក់ចុះ ២៦,៩ ភាគរយ ស្មើនឹងប្រហែល ១៧ លានម៉ែត្រការ៉េ។ ក្នុងនោះផ្ទៃក្រឡាគម្រោងអភិវឌ្ឍន៍លំនៅឋានមាន ៤៦,១ ភាគរយ អគារពាណិជ្ជកម្ម ៣១,៨ ភាគរយ និងឧស្សាហកម្ម ១៤,៦ ភាគរយ។ ម្យ៉ាងវិញទៀតលំហូរ FDI ទៅលើវិស័យសំណង់ និងអចលនទ្រព្យបានធ្លាក់ចុះ ១០,៦ ភាគរយ (ស្មើនឹង ១៧ ភាគរយនៃ FDI សរុប)។
ដោយឡែកសម្រាប់នៅឆ្នាំ២០១៩ វិស័យសំណង់នាភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន ១០៣០គម្រោង ដែលមានទំហំទុនវិនិយោគសរុបរហូតប្រមាណ ៣,៤ពាន់លានដុល្លារអាមេរិក ខណៈចំនួនគម្រោងដែលត្រូវក្រសួងបានអនុម័តក្នុងឆ្នាំ ២០២០ មានចំនួន ៤ ៨៤១ គម្រោង កើនឡើង ១ ភាគរយ៕
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ