«ភាពខ្ជិលរបស់យុវវ័យ កំពុងតែយាយីផ្នត់គំនិតរបស់យុវវ័យបច្ចុប្បន្ន» នេះជាការលើកឡើងរបស់ លោក ហ៊ួត ជា ប្រធានក្រុមហ៊ុនហ៊ួតជា ផ្គត់ផ្គង់គ្រឿងសំណង់នៅកម្ពុជា ដែលបានចែករំលែកបទពិសោធន៍នៅកម្មវិធី “កៅអីក្ដៅ” របស់ Sabay កាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩។

ភាពខ្ជិលនេះហើយទើប យុវវ័យមួយចំនួនមានហេតុផលផ្សេងៗដូចជា «ការរកលេសមិនចង់រកស៊ីដូចជាអត់មានដើម ម្ដាយមិនឲ្យរកស៊ី មិនទាន់មានជំនាញ ធ្វើការឲ្យច្រើនឆ្នាំ ខ្លាចខាត ខ្លាចដេកមិនលក់»
លោកបានបន្ថែមទៀតថា «ភាពខ្ជិលគឺជាឧបសគ្គមួយរបស់យុវវ័យ នៅក្នុងការសម្រេចបំណងប្រាថ្នាធំ»។
លោកឲ្យដឹងដែរថា កត្តាដែលនាំឲ្យយុវវ័យខ្ជិល ឬមិនហ៊ានសម្រេចចិត្តនៅក្នុងការរកស៊ីនេះ អាចផ្ដើមចេញពីកត្តាតាមគ្នា ហើយគិតថា ខ្លួនមិនអាចធ្វើអ្វីលើសពីការងារតំណពូជ ដូចជាបើម្ដាយលក់គុយទាវ យើងត្រឹមតែជាអ្នកលុយគុយទាវជាដើម។
«ខ្ញុំអត់បន្ទោស១០០% ទេ អាចថាគាត់គិតចឹងត្រូវដែរ ប៉ុន្តែយើងត្រូវចេះបង្កើតគំនិតឲ្យលើសហ្នឹង ដូចជាឪពុកអ្នកសង់ផ្ទះ យើងក៏ក្លាយជាអ្នកសង់ផ្ទះ បូករួមមុខរបរលក់គ្រឿងសំណង់អីចឹងទៅ»។
ជាអនុសាសន៍របស់ លោកហ៊ួត ជា បាននិយាយនៅក្នុងកម្មវិធី “កៅអីក្ដៅ” បានផ្ដាំផ្ញើដល់ យុវវ័យឲ្យជម្រះការខ្ជិលមួយចំនួន ហើយហ៊ានសម្រេចចិត្ត និងផ្លាស់ប្ដូរការគិត ដើម្បីសម្រេចបាននូវលទ្ធផលល្អ។ «ខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរការគិតរបស់យុវវ័យ ទាំងចិត្ត និងឆន្ទៈ។ កំណត់គោលដៅ រត់ឲ្យចំគោលដៅ ធ្វើឲ្យចំគោលដៅ ហើយហ៊ានគិតអ្វីដែលធំៗ កុំគិតអ្វីដែលតូចៗពេក ទើបសម្រេចបានលទ្ធផលធំ»៕