ក្រសួងកសិកម្ម នៅថ្ងៃទី១៥ ខែមិថុនាបានបង្ហាញអំពី មូលហេតុចម្បងៗចំនួន៥ដែលនាំឱ្យការផ្គត់ផ្គង់ត្រីនៅកម្ពុជាជួបប្រទះការខ្វះខាតនិងនៅមិនទាន់អាចដោះស្រាយបាននៅឡើយ។ ក្រោយពីប្រកាសព័ត៌មាន ក៏មានមតិយោបល់ពីអ្នកវិភាគ និងសាធារណជនមួយចំនួន ដែលក្រសួងចាត់ថាបកស្រាយខុសពីការពិត ប្រាសចាកពីអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវនយោបាយកំណែទម្រង់ និងជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាបានសន្តិសុខស្បៀង និងការនាំចេញ ក្នុងដំណាក់កាលដ៏លំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាននិយាយលើទំព័រហ្វេសបុកផ្ទាល់ថា ខ្ញុំចង់ទាញអារម្មណ៍អ្នកវិភាគ និងសាធារណជន សូមមេត្តាស្រាវជ្រាវនូវអ្វីដែលជារបត់នយោបាយក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលលើអនុវិស័យជលផលកន្លងមក ដែលបានចាប់ផ្តើមពីការអនុវត្តវិមជ្ឈការមុនឆ្នាំ២០០៦ មកអនុវត្តការគ្រប់គ្រងវិស័យនេះតាមបែបមជ្ឈការវិញក្រោយឆ្នាំ ២០០៦ ហើយដោយពិនិត្យឃើញនូវភាពចាំបាច់ ប្រមុខររាជរដ្ឋាភិបាលបានសម្រេចធ្វើកំណែទម្រង់សាជាថ្មីម្តងទៀតក្នុងការធ្វើវិមជ្ឈការក្រោយឆ្នាំ២០១៦ ដោយត្រូវប្រគល់សិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ ជាពិសេសប្រគល់សិទ្ធិអំណាចជូនទៅអភិបាលរាជធានី ខេត្តជាអ្នកគ្រប់គ្រង និងដឹកនាំបង្រ្កាបបទល្មើស ជលផល និងព្រៃឈើ ដែលស្ថិតនៅក្នុងដែនដីរបស់ខ្លួន ដែលទាមទារពេលវេលាក្នុងការកសាង និងពង្រឹងសមត្ថភាពបន្ថែមទៀត។
លោកបន្តថា ក្នុងករណីនេះគឺក្រសួងអាចអន្តរាគមន៍ លុះត្រាតែមានសំណូមពរចាំបាច់តែប៉ុណ្ណោះ។ ការបាត់បង់ធនធានធម្មជាតិ កន្លងមកមានហេតុផលជាច្រើនដូចដែលខ្ញុំបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ ព្រោះជាលក្ខណៈសត្យានុមត្តិ មិនមែនក្រសួងមិនបានធ្វើនិងដោះស្រាយនោះទេ ព្រោះអ្វីៗបានផ្តើមចេញពីដំណើរនៃការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចជាតិ សង្គម កំណើនទីក្រុងនិងប្រជាជន ការកកស្ទះដីល្បាប់តាមបណ្តាផ្លូវទឹក និងបណ្តាព្រែកនានា នៅតាមដងទន្លេជាដើម។
លោករដ្ឋមន្រ្តីបានបន្ថែមថា ដោយឡែកការធ្វើវារីវប្បកម្មរបស់យើងនាពេលបច្ចុប្បន្នគឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេលវេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនមកកាន់ទីផ្សារចែកចាយ។
ជាមួយគ្នានោះ លោក វេង សាខុន បានលើកឡើងនៅមានបញ្ហាប្រឈមជាច្រើនទៀតដែលក្រសួងបាននិងកំពុងពិនិត្យ និងដោះស្រាយជាលក្ខណៈអន្តរក្រសួងជាបណ្តើរៗ ក្នុងនេះមានក្រសួង និងស្ថាបន ចំនួន ៧ ដែលមានការជាប់ទាក់ទងទៅនឹងគោលនយោបាយនៃការត្រួតពិនិត្យ និងការបង់ពន្ធនៃការនាំចូល, ការគ្រប់គ្រងទីផ្សារ និងការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅស្រុក, ការគ្រប់គ្រងធនធានទឹក រួមទាំងព្រែក ស្ទឹង បឹងបួរ និងបឹងទន្លេសាប ហើយនឹងផ្គត់ផ្គង់ទឹកក្នុងការធ្វើវារីវប្បកម្ម, ការជួយគាំទ្រ និងការលើកទឹកចិត្តក្នុងការកែឆ្នៃផលិតផលជលផល និងចំណី ប្រកបដោយការប្រគួតប្រជែងជាមួយប្រទេសជិតខាង ការផ្តល់ឥណទាន និងការជួយគាំទ្រពីអាជ្ញាធរដែនដល់ការជួយគាំទ្រសកម្មភាពនានានៅនឹងមូលដ្ឋានផងដែរ។
បើតាមរដ្ឋមន្រ្តីកសិកម្មបានបញ្ជាក់បន្ថែមថា បើទោះបីកម្ពុជាជួបបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ទាក់ទងទៅនឹងការធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០)បានប្រព្រឹត្តទៅ ទទួលបានវឌ្ឍនភាព ដោយមានសន្ទុះគួរឱ្យកត់សំគាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ៖ ២០១៥ ទទួលបាន ១៤៣ ១៤១ តោន, ២០១៦ ទទួលបាន ១៧២ ៥០០ តោន, ២០១៧ ទទួលបាន ២០៧ ៤៤៣ តោន, ២០១៨ ទទួលបាន ២៥៤ ០៤៨ តោន, ២០១៩ ទទួលបាន ៣០៧ ៤០៨ តោន (មានកំណើនទិន្នផលវារីវប្បកម្មប្រចាំឆ្នាំជាមធ្យម ២០,៦% ចាប់ពីឆ្នាំ២០១៥-២០១៩) និងនៅឆ្នាំ២០២០ កើនឡើងដល់ ៤០០ ៤០០ តោន មានកំណើន ៣០% ធៀបទៅនឹងឆ្នាំ២០១៩។
កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងពាក់ព័ន្ធ និងបងប្អូនវារីវប្បករកម្ពុជាយើង គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានាផងដែរចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។
បន្ថែមលើសពីនេះ ក្រសួងកសិកម្មបានរៀបចំនូវវិធានការគោលនយោបាយជំរុញវារីវប្បកម្មឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងបងើ្កនផលិតភាពវារីវប្បកម្មឱ្យមានការប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព៕