តើប្រជាពលរដ្ឋខ្មែរពិតជាមិនចេះចិញ្ចឹមត្រីមែនឬទេ?

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍​ឲ្យ​ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើឬចល័តចេញជាបន្ទាន់ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមសេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញបានលើកឡើងនៅក្តីកង្វល់ថា កន្លង​មក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ីមាន​ចរន្តទឹក​ហូរ គោក​រាក់។

ពិសេស​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការបន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹកបំពុលបរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ​ប្រជាពលរដ្ឋដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ​ ។

ដំណឹងនេះត្រូវបានមហាជនជាច្រើនគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរទៅលើម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែត និងសំណង់មិនរៀបរយនៅលើផ្ទៃទន្ទេទាំងអស់ ខណៈដែលម្ចាស់បែចិញ្ចឹមត្រី និងផ្ទះបណ្តែតភាគច្រើនគឺជាជនជាតិវៀតណាម។ ទន្ទឹមនោះក៏មានអ្នកវិភាគ សាធារណៈជនមួយចំនួនបានបង្ហាញទស្សនៈយល់ឃើញផ្សេងៗគ្នាថា ពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី គ្មានទីផ្សារ និងបទល្មើស​ជលផល​នៅមានកម្រិត​ដែល​ធ្វើឱ្យ​មានការ​ថមថយ​ផល​ត្រី​ពី​ធម្មជាតិ។

តាមរយៈទំព័រហ្វេសប៊ុកលោកបណ្ឌិត សុខ ទូច បានលើកឡើងថា៖ ហេតុអ្វីគ្រាន់តែឱ្យវៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធថាកម្ពុជាខ្វះត្រីហូប? ខណៈដែលអ្នកជិតខាងយើងមានប្រជាជនច្រើនជាងយើង ពូជត្រីក៏ក្រជាងយើង តែបែរជាដឹកត្រីចូលមកយើង។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបន្ថែមថា បើឡាវខ្វះត្រីហូប ទើបមិនចម្លែក តែបើខ្មែរថាខ្វះត្រីទទួលទាន វាដូចជាចម្លែកអស្ចារ្យណាស់ ព្រោះខ្មែរមានទន្លេមេគង្គ បឹងទន្លេសាប និងស្ទឹង ព្រែក បឹង អូរជាច្រើនប្រៀបដូចសសៃឈាម ហើយថែមទាំងមានសមុទ្រជាប្រភពត្រីទឹកប្រៃទៀត តែអស់ត្រីហូប ប្រហែលមកពីមូលហេតុដូចខាងក្រោម៖
១-មិនបានគណនាពីតម្រូវការទីផ្សារនៅក្នុងស្រុក ដែលប្រហែលមកពីខ្វះអ្នកគិតចំណោទហើយ
២-ប្រហែលជាមកពីព្រៃលិចទឹកត្រូវបានបំផ្លាញអស់
៣-ប្រហែលមកពីបឹងត្រូវបានលុប
៤-ប្រហែលមកពីតំបន់នេសាទ និងតំបន់ចិញ្ចឹមត្រី មិនត្រូវបានរៀបចំទៅតាមសក្ដានុពល តែបែរជាត្រូវបានលុបដោយសារតម្លៃទីផ្សារដីឡើងខ្ពស់ នាំគ្នាលុបបឹង ស្ទឹង អូរ យកទៅលក់
៥-មិនបានចងជាសហគមន៍ ដើម្បីឱ្យការផលិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
៦-យើងមិនបានកែច្នៃវត្ថុធាតុដើមក្នុងស្រុកដែលមាន ឱ្យទៅជាចំណីរបស់សត្វឬមនុស្ស តែយើងទិញចំណីស្រាប់ពីគេមកឱ្យសត្វ ដែលធ្វើឱ្យថ្លៃដើមផលិតខ្ពស់មិនអាចប្រកួតប្រជែងបាន
៧-បើត្រីដែលចិញ្ចឹមបានមានអតិផរណា យើងអាចកែច្នៃត្រីទៅជាផលិតផលជាច្រើនតាមលក្ខណៈប្រពៃណី មិនបាច់ប្រើវិទ្យាសាស្ត្រទេ ដូចជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទោះជាមិនបាច់ធ្វើត្រីខកំប៉ុង ក៏ត្រីគ្មានអតិផរណាដែរ។

ដោយឡែកសម្រាប់លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មបានបង្ហាញទស្សនៈថា៖ ស្រុកខ្មែរមិនមែនខ្វះត្រីធម្មជាតិទេតែខ្វះការដឹកនាំមួយដែលធ្វេីឲ្យសម្បូរត្រីធម្មជាតិឡេីងវិញដូចជាគ្រាន់តែបឹងពារាំងមួយនៅសៀមរាបជួយការពារនិងសង្រ្គោះមិនបានផង។

បើតាមបណ្ឌិតកសិកម្ម យើងមានស្ថាប័នពាក់ព័ន្ធច្រេីនដូចជាកសិកម្ម ធនធានទឹក បរិស្ថាន រដ្ឋបាលមូលដ្ឋាន និងសហគមន៍ដែលត្រូវការភាពដឹករួមមួយដោះស្រាយបញ្ហារួមដេីម្បីផលប្រយោជន៍រួមរបស់ជាតិ។

ជាមួយគ្នានោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានបង្ហាញ​អំពី មូលហេតុ​ចម្បងៗ​ចំនួន​៥​ដែលនាំឱ្យ​ការផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា​ជួបប្រទះ​ការខ្វះខាត​និង​នៅ​មិនទាន់​អាច​ដោះស្រាយបាន​នៅឡើយ​។​

ក្រសួងកសិកម្ម​បាន​អះអាងថា​ក្នុង​បរិការណ៍​នេះ ក្រសួង​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម តាម​អភិក្រម រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​ ដើម្បី​រួមចំណែក​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទាំងឡាយ​។​ ក្រៅពី​កត្តា​ទាំងនេះ​ការកើនឡើង​ចំនួន​ប្រជាជន​ក៏​ជា​កក្តា​មួយ​ដែរ​ដែល​ធ្វើឱ្យ​ការផ្គត់ផ្គង់​ត្រី​មានការ​ខ្វះខាត​។​

ផ្អែក​តាម​តួលេខ​បណ្ដោះអាសន្ន​នៃ​ជំរឿន​ទូទៅ​ប្រជាជន​សរុប​តាម​វិធីសាស្ត្រ​នៅ​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០១៩​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ចំនួន ១៥២៨៨៤៨៩ នាក់​កើនឡើង​ជាង​ចំនួន​១៤.១​ភាគរយ​រយៈពេល​១១ ឆ្នាំ​រវាង​ឆ្នាំ​២០០៨​និង​២០២១៩​ធ្វើ​ឲ្យ​តម្រូវការ​ត្រី​សាច់​សម្រាប់​បរិភោគ​មានការ​កើនឡើង​ផងដែរ​។​

តាម​ការស្រាវជ្រាវ​ប្រជា​ជន​ម្នាក់​បរិភោគ​ត្រី​ប្រមាណ​៥២.២៤ គីឡូក្រាម​ក្នុង​មួយឆ្នាំ​។​ប៉ុន្តែ​ប្រជាជន​ដែល​រស់នៅ​តំបន់​ទំនាប​លិច​ទឹក​បរិ​មាណនៃ​ការបរិភោគ​ត្រី​បាន​កើន​ឡើងដល់​ទៅ​៧៥.៦ គីឡូក្រាម​ក្នុង​មួយឆ្នាំ​។​

ដោយ​ផ្អែកលើ​តម្រូវការ និង​ទីផ្សារ​ត្រី​ក្នុងពេល​បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​អនុវត្ត​គម្រោង​វារីវប្បកម្ម ពិសេស​ការចិញ្ចឹម​ត្រី​អណ្ដែង និង​កង្កែប​ក្នុង​ថង់​ប្លា​ស្ទិ​កដោយ​ប្រើ​រយៈពេល​ខ្លី ចំណាយ​ដើមទុន​តិច និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​នៅតាម​ខេត្ត​គោលដៅ​ចំនួន​១១ និង​ខេត្ត​ទទួលរង​គ្រោះ​ជំនន់​ទឹកភ្លៀង​ចំនួន​៤​នាពេល​កន្លងមក​៕​