ក្រសួងសាធារណការបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរី ដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និយាយថា ក្រសួងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរី ដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) និងបានបង្កើតផែនការមេសម្រាប់គ្រប់គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពសាធារណៈ ដែលជា​ការរួមចំណែក​មួយ​ក្នុង​ការជំរុញ​ការធ្វើ​សមាហរណកម្ម​ភ័ស្តុភារ​របស់​កម្ពុជា​ទៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកថ្លែងដូច្នេះក្នុងពេលជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីរាយការណ៍ជូនអំពីសមិទ្ធផលការងារសម្រេចបាន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

លោករដ្ឋមន្រ្តីនិយាយថា ក្រសួងក៏បានបញ្ចប់ផែនការមេភស្តុភារកម្មដើម្បីទាក់ទាញវិនិយោគិន និងដើម្បីប្រែក្លាយកម្ពុជាជាកន្លែងស្តុក ទំនិញឆ្លងកាត់ និងជាតំបន់ចែកចាយទំនិញនៅក្នុងតំបន់ទៀតផង។

ការសម្រេចបាន​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​នេះ​កើតមាន​បន្ទាប់ពី​ដើមខែ​មករា​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ផែនការមេ​អន្តរកាល​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ និង​ភ័ស្តុភារកម្ម​ដែល​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ​វិស័យនេះ​ និង​ជួយ​កាត់បន្ថយ​តម្លៃ​សេវា​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ឡូជីស្ទិក​។ សេចក្តីព្រាង​ផែនការមេ​អន្តរកាល​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ និង​ភ័ស្តុភារកម្ម​ត្រូវបាន​រៀបចំ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​អង្គការ​ JICA ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​ ២០១៨​។

គួររម្លឹកជូនថា នៅ​ថ្ងៃទី​ ១០ ​ខែ​ កញ្ញា ឆ្នាំ​ ២០២០ ទាំង​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និងក្រុមហ៊ុន​ YCH បានចាប់ផ្តើម​ការពិភាក្សា​លើ​គម្រោង PPLC នេះ​ដែល​មាន​ទីតាំងនៅ​លើដី​ ៩៨ ហិកតា ​ក្នុង​ឃុំ​សំរោងក្រោម ខណ្ឌដង្កោ នៅ​ប៉ែក​ខាងលិច​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​៕