ប្រទេសចិននៅថ្ងៃទី២៣ ខែមិថុនាម្សិលមិញ បានដឹកនាំសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ នៅក្នុងរដ្ឋធានីប៉េកាំង និងបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅជាមួយបណ្តាភាគីដែលបានចូលរួមក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់លើជំងឺវីរុសកូវីដ-១៩និងការជំរុញកិច្ចការស្តារសេដ្ឋកិច្ចឡើងវិញ” ។
លោក Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយលោក Iván Duque Márquez ប្រធានាធិបតីកូឡុំប៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំ រដ្ឋមន្រ្តីក្រសួងការបរទេសចំនួន២៩ប្រទេស ក៏ដូចជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងអគ្គនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោក Wang Yi និយាយថា បណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក គឺជាអ្នកត្រួសត្រាយ អ្នករួមចំណែក និងជាជនគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ។ លោកថា ភាគីចិនរីករាយសហការជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីជំរុញការអភិវឌ្ឍ ខ្សែក្រវាត់និងផ្លូវ ដែលមានគុណភាពខ្ពស់ ផ្តល់ដំណោះស្រាយអាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ការប្រយុទ្ធប្រឆាំងលើជំងឺវីរុស បញ្ចូលកម្លាំងរស់រវើកនៃអាស៊ី-ប៉ាស៊ីហ្វិកទៅក្នុងទំនាក់ទំនងសកលលោក និងបង្ហាញពីទំនុកចិត្តអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញប្រកបដោយនិរន្តរភាព និងព្រមទាំងរួមចំណែកកាន់តែធំធេងក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់អាស៊ី-ប៉ាស៊ីហ្វិកនិងមនុស្សជាតិ។
លោក ប្រាក់ សុខុន បាននិយាយថា កិច្ចប្រជុំខាងលើនេះមានសារៈសំខាន់ណាស់ក្នុងការសម្របសម្រួលប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុស និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។
លោកបន្តថា បណ្តាប្រទេសគួរតែគាំទ្រពហុភាគីនិយមបើកចំហនិងយោគយល់គ្នា ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិ ធានាបានការទទួលបានវ៉ាក់សាំងកូវីដប្រកបដោយយុត្តិធម៌ រួមគ្នាសម្រេចបាននូវការស្តារសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាព។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំលើកនេះបានជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគីក្នុងការទបទល់ជាមួយបញ្ហាប្រឈមជាសកលយ៉ាងទាន់ពេលវេលា និងសំខាន់ ព្រមទាំងជួយជំរុញវឌ្ឍនភាពថ្មីៗកាន់តែច្រើន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ៕