កាលពីថ្ងៃទី២៤ ខែមិថុនាម្សិលមិញ រដ្ឋសភាកម្ពុជាបានបោះឆ្នោតគាំទ្រ និងផ្តល់ទំនុកចិត្តឱ្យលោក ប្រាជ្ញ ចន្ទ ជាសមាជិកគណបក្សប្រជាជនកម្ពុជាធ្វើជាប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ថ្មីជាផ្លូវការ។ បន្តទៅទៀត លោកប្រាជ្ញ ចន្ទ នឹងត្រូវចូលស្បថក្នុងព្រះបរមរាជវាំង ដើម្បីឡើងកាន់ការងារជាប្រធានគ.ជ.បថ្មីនៅថ្ងៃនេះ។
លោក ប្រាជ្ញ ចន្ទ ត្រូវបានជ្រើសរើសជាប្រធានថ្មីគ.ជ.ប នេះ គឺជំនួសលោក ស៊ិក ប៊ុនហុក ដែលបានលាលែងកាលពីដើមខែមិថុនានេះក្រោមហេតុផលសុខភាព។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តើលោក ប្រាជ្ញ ចន្ទ ជានរណា?
មានវ័យ៦៤ឆ្នាំ លោកប្រាជ្ញ ចន្ទ ត្រូវបានក្លាយជាប្រធានថ្មីនៃគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប)។ លោកកើតនៅភូមិត្រពាំងព្រីង ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ លោកបញ្ចប់មធ្យមសិក្សាកម្រិត១នៅក្នុងខេត្តកំពត ហើយបានមកបន្តបញ្ចប់មធ្យមសិក្សាកម្រិត២នៅក្នុងរាជធានីភ្នំពេញក្នុងសម័យសាធារណរដ្ឋខ្មែរមុនការមកដល់នៃរបបខ្មែរក្រហម។ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទាំង២កម្រិតនេះ លោកប្រាជ្ញ ចន្ទ ក៏បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយថ្នាក់បរិញ្ញាបត្រ។
លោក ប្រាជ្ញ ចន្ទ មានបទពិសោធន៍ជោគជាំនៅក្នុងក្រសួងមហាផ្ទៃ។ ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០០១ លោកបានកាន់ដំណែងជាប្រធាននាយកដ្ឋានគ្រប់គ្រងខេត្តនៃក្រសួងមហាផ្ទៃ ហើយក្រោយមកជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ បន្ទាប់មកទៀតជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងចុងក្រោយជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។
ចេញពីក្រសួងមហាផ្ទៃ លោកប្រាជ្ញ ចន្ទ បានទៅធ្វើជាអភិបាលខេត្តបាត់ដំបងចន្លោះឆ្នាំ២០០១ដល់ឆ្នាំ២០១៣ ហើយផ្លាស់ទៅធ្វើជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ ខណៈដែលនៅពេលនោះរាជរដ្ឋាភិបាលសម្រេចបង្កើតខេត្តត្បូងឃ្មុំៗថ្មី។
ក្រោយមក លោកបានធ្វើជាតំណាងរាស្រ្តខេត្តត្បូងឃ្មុំ និង ត្រូវបានតែងតាំងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា មុនត្រូវបានជ្រើសរើសជាប្រធានគ.ជ.បថ្មីនាពេលនេះ៕