សំណង់បុរីរីកព្រោងព្រាតតាំងពីកណ្ដាលក្រុងរហូតដល់ជាយក្រុង។ តម្រូវការលំនៅឋានចេះតែកើនឡើង គម្រោងសាងសង់នៅតែបន្តឥតដាច់។ បើងាកមើលគម្រោងអភិវឌ្ឍបុរីធំៗជាច្រើន ក្រៅពីអភិវឌ្ឍបុរីលក់ដល់អតិថិជន ម្ចាស់អភិវឌ្ឍបុរីខ្លះមានទាំងបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់សម្រួលដល់ការផ្តល់កម្ចី និងការបង់រំលស់មិនពិបាកទៅរកសេវាធនាគារពីខាងក្រៅ។
ជីបម៉ុងលែន
ជីបម៉ុងលែន ជាគម្រោងអភិវឌ្ឍបុរីដ៏ធំរបស់ជីបម៉ុងគ្រុប។ បុរីជីបម៉ុងលែនមានច្រើនទីតាំងដូចជា លើផ្លូវ ២៧១ លើផ្លូវ ៦០ ម៉ែត្រ នៅសែនសុខ លើផ្លូវ ៥៩៨ ជាដើម។ តាមរយៈធនាគារជីបម៉ុងអតិថិជនដែលទិញផ្ទះនៅក្នុងគម្រោងជីប ម៉ុង លែន អាចទទួលបានកម្ចីទិញផ្ទះពីធនាគារ ជីប ម៉ុង បានរហូតដល់ ៩៥% នៃតម្លៃផ្ទះ ជាមួយការរៀបចំបំពេញបែបបទឯកសារងាយស្រួល និងឆាប់រហ័ស។ ជាមួយគ្នានេះ ទទួលបានការប្រាក់ត្រឹមតែ 0.75% ក្នុងមួយខែរយៈពេលកម្ចីវែងរហូតដល់ 20 ឆ្នាំ។
បុរីវិមានភ្នំពេញ
ម្ចាស់បុរីវិមានភ្នំពេញគឺអ្នកឧកញ៉ា លី ហួរ ដែលជាអ្នកជំនួញជើងចាស់ល្បីល្បាញមួយរូប។ អ្នកឧកញ៉ា លី ហួរ មានអាជីវកម្មរាប់បញ្ចូលទាំងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រងជាដើម។
បុរីវិមានភ្នំពេញជាគម្រោងដ៏ធំរបស់អ្នកឧកញ៉ាលី ហួរ ដែលមានទីតាំងធំៗមាននៅលើផ្លូវជា សុផារ៉ា និងលើផ្លូវជាតិលេខ ៦អា។ ដោយមានបទពិសោធន៍ជាង ៣០ ឆ្នាំលើមុខជំនួញហិរញ្ញវត្ថុ អ្នកឧកញ៉ាបានបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុតាមរយៈធនាគារ អេស ប៊ី អាយ លីហួរ។
ទស្សនៈវិស័យរបស់ធនាគារគឺផ្តល់សេវាកម្មធនាគារដែលមានតម្លៃសមរម្យ ងាយស្រួលនិងទាក់ទាញ។
បុរីពិភពថ្មី
បុរីពិភពថ្មីសាងកេរ្តិ៍ឈ្មោះជាង ១០ ឆ្នាំមកហើយជាបុរីសម្រាប់អ្នកមានជីវភាពមធ្យមនៅទីក្រុងភ្នំពេញ។ បុរីពិភពថ្មីមានទីតាំងធំៗដូចជានៅ ចម្ការដូង នៅឈូកវ៉ាដែលមានច្រើនទីតាំង និងក៏កំពុងអភិវឌ្ឍតាមផ្លូវជាតិលេខ ២ និងលេខ ៣ រាប់ពាន់ល្វែងទៀត។
បុរីពិភពថ្មីដែលមានអ្នកឧកញ៉ាហុង ពីវ ជាម្ចាស់បុរី បានបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី ដើម្បីផ្តល់សេវាដល់អតិថិជនដែលត្រូវការទិញផ្ទះបង់រំលស់ មិនពិបាកស្វែងរកដៃគូធនាគារពីក្រៅ។
យ៉ាងណាមិញតាមការឲ្យដឹងពីអតិថិជន ដែលទាក់ទងកម្ចីពីបុរីពិភពថ្មីមានអត្រាការប្រាក់ខ្ពស់ បើទោះបីការការសិក្សាកម្ចីមានភាពរហ័ស មិនសូវស្មុគស្មាញច្រើនក៏ដោយ។
បុរីឡេង ណាវ៉ាត់ត្រា
បុរីឡេង ណាវ៉ាត់ត្រា មានកេរ្តិ៍ឈ្មោះដោយសារគឺជាបុរីដែលលក់ធូរថ្លៃជាងគេក្នុងទីក្រុងភ្នំពេញ។ គម្រោងបុរីឡេង ណាវ៉ាត់ត្រា មានទីតាំងធំៗនៅទូលពង្រ និងក៏កំពុងបន្តអភិវឌ្ឍនៅផ្លូវជាតិលេខ ៦A។ ក្រោយជោគជ័យលើជំនួញអចលនទ្រព្យផ្នែកពុះដីឡូត៍លក់ និងគម្រោងផ្ទះល្វែង ម្ចាស់បុរីឡេង ណាវ៉ាត់ត្រា បានបង្កើតជំនួញថ្មីមួយទៀតលើវិស័យហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡេង ណាវ៉ាត់ត្រាផ្តោតសំខាន់លើការផ្ដល់សេវាឥណទានសម្រាប់អតិថិជន ដែលទិញលំនៅឋានរបស់ បុរី ឡេង ដែលត្រូវការបង់រំលស់រយៈពេលវែង។
បុរីសង្ឃឹមថ្មី និងកៀនស្វាយផ្លាហ្សា និងអូឡាំព្យា
បុរីសង្ឃឹមថ្មី គម្រោងកៀនស្វាយផ្លាហ្សា និងទីក្រុងអូឡាំព្យា ជាគម្រោងដែលអភិវឌ្ឍន៍ដោយសម្ព័ន្ធ សហគ្រាសកាណាឌីយ៉ា និងទទួលបានហិរញ្ញប្បទានពីធនាគារកាណាឌីយ៉ា។
ជាគម្រោងលំនៅឋានដែលអភិវឌ្ឍនិងចាត់ចែងផ្ទាល់ដោយសហគ្រាសកាណាឌីយ៉ា ការទិញគម្រោងលំនៅឋានខាងលើនេះ អតិថិជនងាយស្រួលក្នុងការស្វែងរកកម្ចីរយៈពេលវែង ជាមួយការប្រាក់ទាប ក្រោមកម្ចីផ្ទាល់ពីធនាគារកាណាឌីយ៉ា៕