ថៃជាប្រទេសជាប់ភូមិផងជាមួយប្រទេសកម្ពុជា ហើយក៏ជាប្រទេសកូនខ្លាមួយនៅអាស៊ី ដែលប្រទេសនេះមានសេដ្ឋីប្រាក់ពាន់លានជោគជ័យលើមុខជំនួញជាច្រើននាក់។

បើនិយាយពីសេដ្ឋីនៅថៃមានរាប់រយនាក់ តែមហាសេដ្ឋីទាំង ៥ ដែលឧកញ៉ាញូន៍ នឹងបង្ហាញនេះ ជាមហាសេដ្ឋីមានជាងគេប្រចាំប្រទេសថៃ៖
1/ បងប្អូនត្រកូល Chearavanont មានទ្រព្យប្រមាណ ២៧ ពាន់លានដុល្លារ

បងប្អូនត្រកូល Chearavanont គឺជាស្ថាបនិកក្រុមហ៊ុនផលិតចំណី និងចិញ្ចឹមសត្វយកសាច់លក់ធំបំផុតមួយក្នុងលោក ដែលមានឈ្មោះថា Charoen Pokphand ឬប្រជាជនយើងនិយមហៅថា CP។
កាលពីពេលថ្មីៗនេះទៀតសោត ក្រុមហ៊ុន Tesco នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី ក៏ត្រូវបានគ្រួសារអ្នកមានបំផុតមួយនេះ ទិញយកកាលពីខែមីនា ២០២០ ដោយចំណាយប្រមាណ ១០.៦ ពាន់លានដុល្លារ។
2/ស្ថាបនិកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Red Bull លោក Chalerm Yoovidhya មានទ្រព្យប្រមាណ ២០.២ ពាន់លានដុល្លារ

បើនិយាយពីភេសជ្ជៈប៉ូវកម្លាំង អ្នកណាមិនស្គាល់ Red Bull ឬគេនិយមហៅថា គោជល់នោះ តែប្រិយមិត្តប្រហែលជាមិនទាន់ជ្រាបទេថា ម្ចាស់ក្រុមហ៊ុនមួយនេះគឺជាបុគ្គលមានបំផុតទី ២ ប្រចាំប្រទេសថៃលោក Chalerm Yoovidhya។
3/ ស្ថាបនិកក្រុមហ៊ុន Thai Berverage លោក Charoen Sirivadhanabhakdi មានទ្រព្យប្រមាណ ១២.១ ពាន់លានដុល្លារ

បុគ្គលទី ៣ ដែលស្ថិតក្នុងបញ្ជីមួយនេះគឺជាសេដ្ឋីវិវត្តខ្លួនផ្ដើមចេញពីចំនុចសូន្យ គឺលោក Charoen Sirivadhanabhakdi ដែលមានឪពុកជាអ្នកលក់ភេសជ្ជៈតាមចិញ្ចើមផ្លូវនៃទីក្រុងបាងកក។
សមត្ថភាពរបស់មហាសេដ្ឋីរូបនេះ គឺពិតជាមិនសរសើរមិនបាន ពោលគឺលោកជំនាញក្នុងការច្របាច់ផលិតផលបញ្ចូលគ្នា និងនាំចេញលើទីផ្សារអន្តរជាតិ ខណៈមុខជំនួញដែលគេស្គាល់លោកភាគច្រើន គឹក្នុងនាមជាស្ថានិកក្រុមហ៊ុន Thai Beverage ដែលផលិតស្រាបៀរឆាង (Chang Beer)។
4/គ្រួសារត្រកូលChirathivat មានទ្រព្យប្រមាណ ៩.៥ ពាន់លានដុល្លារ

Central Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ និងលក់នូវគម្រោងផ្សារធំបំផុតនៅប្រទេសថៃ ហើយវាក៏ជាជំនួយបន្តជំនាន់របស់គ្រួសារ Chirathivat ផងដែរ។
បច្ចុប្បន្ន Central Group គឺស្ថិតក្រោមការគ្រប់គ្រងរបស់ Tos Chirathivat ដែលត្រូវជាចៅរបស់ស្ថាបនិកក្រុមហ៊ុន Tiang Chirathivat និងជាកូន Samrit Chirathivat ដែលជាអ្នកបង្កើតមជ្ឈមណ្ឌលទិញទំនិញលើកដំបូងបំផុតនៅប្រទេសថៃក្នុងឆ្នាំ ១៩៥៧។
ក្រោមការដឹកនាំរបស់ Tos Chirathivat ក្រុមហ៊ុនបានពង្រីកហាងលក់ទំនិញរបស់ខ្លួនទូទាំងអាស៊ីអាគ្នេយ៍ ហើយក្រោយមកទៀតក៏ឈានចូលដល់ទ្វីបអឺរ៉ុបដោយបានទិញសាខាហាងរបស់អ៊ីតាលីឈ្មោះ La Rinascente ក្នុងតម្លៃ ២៩១ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១១ និងសាខាហាងដាណឺម៉ាក Illum ខណៈចំនួនទឹកប្រាក់មិនត្រូវបានបង្ហាញក្នុងឆ្នាំ ២០១៥ ។ ក្រុមហ៊ុននេះក៏ជាផ្នែកមួយនៃការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន JD.com របស់ចិន ដែលមានទឹកប្រាក់ ៥៦០ លានដុល្លារ ដើម្បីបង្កើត JD Central ដែលជាគេហទំព័រពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណេតទៀតផង។
5/ លោក Sarath Ratanavadi មានទ្រព្យប្រមាណ ៩.៥ ពាន់លានដុល្លារ

លោក Sarath Ratanavadi ត្រូវបានតែងតាំងជានាយក និងក្រោយមកជា CEO នៃក្រុមហ៊ុនធំបំផុតទី ៣ ផ្នែកផ្គត់ផ្គង់ថាមពល គឺក្រុមហ៊ុន Gulf Energy Development កាលពីខែឧសភា ២០១៧។
ក្នុងឆ្នាំដដែលនោះ CEO រូបនេះ បានធ្វើឲ្យភាគហ៊ុនក្រុមហ៊ុនកើនដល់ទៅជាង ៧០០ លានដុល្លារដែលនេះគឺជា ចំនួនខ្ពស់បំផុតមួយក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនៅប្រទសថៃ។ ហើយចាប់តាំងពីពេលនោះមក ភាគហ៊ុននៃក្រុមហ៊ុនក៏មានការកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង ១ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩។
បន្ថែមពីនោះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងបាងកក ក៏មានគម្រោងក្នុងការផលិតថាមពលព្រះអាទិត្យ (ថាមពលសូឡា) ទូទាំងប្រទេសផងដែរ ដោយពួកគេបានសាងសង់រោងចក្រផ្គត់ផ្គង់ថាមពលសូឡា លើកដំបូងនៅប្រទេសថៃ ដោយមានការបណ្ដាក់ទុនជាមួយអ្នកវិនិយោគជនជាតិជប៉ុនផងដែរ៕
ប្រភព៖ SCMP