លោក ស៊ុន សុវណ្ណារិទ្ធិ ចូលកាន់តំណែងជាអភិបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១ ខែកក្កដាម្សិលមិញ ខណៈលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តត្រូវបានផ្ទេរភារកិច្ចទៅជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទវិញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តើចៅហ្វាយខេត្តកំពង់ឆ្នាំងថ្មី ជានរណា? មានប្រវត្តិសិក្សា និងបទពិសោធន៍ការងារយ៉ាងដូច្នេះខ្លះ?
មានវ័យ ៤៧ឆ្នាំ លោក ស៊ុន សុវណ្ណារិទ្ធិ បានក្លាយជាអភិបាលខេត្តកំពង់ឆ្នាំថ្មី កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៤ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងឆ្នាំ២០០៩ ជាបេក្ខជនបណ្ឌិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ផ្នែកគ្រប់គ្រងនៅឆ្នាំ ២០០៧ ហើយក្នុងឆ្នាំ ១៩៩៩ លោកទទួលបានសញ្ញាប័ត្រមន្ត្រីជាន់ខ្ពស់ សាលាភូមិន្ទរដ្ឋបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ១៩៩៨ លោកបានបញ្ចប់សញ្ញាប័ត្រមន្ត្រីមធ្យមសិក្សាសាលាភូមិន្ទរដ្ឋបាល រដ្ឋបាលទូទៅ និងឆ្នាំ១៩៩៨ ទទួលបានបរិញ្ញាបត្រមហាវិទ្យាល័យពាណិជ្ជកម្មទីផ្សារ ។
ឆ្នាំ២០១៥ លោកទទួលបានវិញ្ញាបនបត្រពីក្រសួងមហាផ្ទៃ លើជំនាញគ្រប់គ្រង Management ឆ្នាំ២០១៤ លោកចូលរៀនវគ្គបណ្ដុះបណ្ដាលមន្ត្រីរដ្ឋបាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ លើភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ នៅឆ្នាំ២០១៤ លោកបានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសនៅលេខាធិការដ្ឋាន គ.ជ.អ.ប/JICA ផ្នែកផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត។
ឆ្នាំ២០០១ លោកទទួលបានវិញ្ញាបនបត្រពីក្រសួងមហាផ្ទៃ លើផ្នែកគ្រូឧទ្ទេសសម្រាប់ស្មៀន ឃុំ សង្កាត់។ នៅឆ្នាំ ១៩៩៦ ដល់ឆ្នាំ១៩៩៧ លោកទទួលបានវិញ្ញាបនបត្រពីសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ផ្នែកច្បាប់។ នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៤ លោកទទួលបានវិញ្ញាបនបត្រពីសាលា I.C.S ផ្នែកកុំព្យូទ័រ។ លោក ស៊ុន សុវណ្ណារិទ្ធិ បានចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៩៦។
លោក សុវណ្ណារិទ្ធិ មានបទពិសោធន៍ការងារជាមួយក្រសួងមហាផ្ទៃជាច្រើន រួមមាន៖ អភិបាលរងខេត្ត អនុប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ជំនួយការសម្ដេចក្រឡាហោម ស ខេង ជាមន្ត្រីនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជាមន្ត្រីនគរបាលជាតិមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ជាមន្ត្រីនាយកដ្ឋានអាស៊ាន ក្រសួងពាណិជ្ជកម្ម ជាមន្ត្រីកម្មសិក្សា ស្ដីពីការរៀបចំ និងការត្រួតពិនិត្យថវិកាជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ស៊ុន សុវណ្ណារិទ្ធិ មានបទពិសោធន៍ការងារជាមួយវិស័យឯកជន ឬអង្គការក្រៅរដ្ឋាភិបាលដូចជា ប្រធានហិរញ្ញវត្ថុរបស់គម្រោង នៃធនាគារពិភពលោក និងធនាគារអាស៊ី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាស្រ្តាចារ្យសាកលវិទ្យាល័យ BBU សាស្ត្រាចារ្យ នៃមហាវិទ្យាល័យគ្រប់គ្រង និងនីតិសាស្រ្តនៃអង្គការស៊ីវូ អ្នកស្រាវជ្រាវទីផ្សារនៃក្រុមហ៊ុន IMEX (Investment consultant limited) អ្នកស្រាវជ្រាវរបស់គម្រោង Gourgtown University (Faculty of Business)។
មុនបានតំណែងជាអភិបាលខេត្តថ្មីនេះ លោក សុវណ្ណារិទ្ធិ ជាអភិបាលរងខេត្តកំពង់ឆ្នាំង ខណៈលោកជាមន្រ្តីមួយរូបដែលទទួលបានការគោរពស្រឡាញ់ពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយ៉ាងខ្លាំងក្នុងខេត្តកំពង់ឆ្នាំង៕