គូស្នេហ៍លំដាប់សេដ្ឋី Jay-Z និង Beyonce ត្រូវបានគេដឹងថា ចាយលុយមិនសូវរិះថាំឡើយ ពោលគឺឲ្យតែមើលឃើញ ស្រឡាញ់ ពេញចិត្ត គឺជះលុយចំណាយភ្លាមៗតែម្ដង។ ជាក់ស្ដែងកាលពីឆ្នាំទៅអ្នកទាំង ២ បានចាយលុយប្រមាណ ២ លានដុល្លារសម្រាប់ដំណើរកម្សាន្តរយៈពេលមួយសប្ដាហ៍នៅលើផ្ទៃទឹក ដោយប្រើប្រាស់នាវាផ្ទាល់ខ្លួនដ៏ធំមួយ។
ដោយឡែក កាលពីពេលថ្មីៗនេះមានលេចលឺចចាមអារ៉ាមថា ប្ដីប្រពន្ធមួយគូនេះគឺជាម្ចាស់រថយន្តតម្លៃថ្លៃបំផុតលើលោកថែមទៀត ដោយវាគឺជាប្រភេទ Rolls-Royce Boat Tail ដែលមានតម្លៃដល់ទៅ ២៨ លានដុល្លារអាមេរិក។
តើរថយន្តខាងលើមានលក្ខណៈសម្បត្តិបែបណាខ្លះ ទើបវាមានតម្លៃមហាសាលបែបនេះ? រថយន្តមួយនេះរចនាឡើងគឺតម្រូវចំពោះអតិថិជនដែលមានទំនោរចូលចិត្តការដើរលេងតាមសមុទ្រ ព្រោះវាត្រូវបានគេដឹងថាមានពណ៌ Blue Ivy គឺដូចទៅនឹងឈ្មោះកូនស្រីសំណព្វរបស់គូស្នេហ៍សិល្បករទាំង២រូបដែរ។
ចំណុចគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតគឺ ដំបូលនៃឡានគឺប្រក់ដោយសរសៃកាបូន ដែលអាចបិតបើកបាន ហើយនៅផ្នែកខាងក្រោយគឺបំពាក់ដោយទូឈើប្រណិត ដែលអាចបំពាក់ឧបករណ៍រក្សាសីតុណ្ហភាពនៃស្រាសំប៉ាញ និងកែវស្រា ក៏ដូចជាឈុតញាំអាហារមួយឈុតផងដែរ។
បន្ថែមពីនេះ គេដឹងថា រថយន្តខាងលើរចនាឡើងដោយយកគំរូតាមម៉ូដែល Sweptail ដែលចេញលក់កាលពីឆ្នាំ ២០១៧ ក្នុងតម្លៃ ១៣ លានដុល្លារ តែសម្រាប់ Boat Tail នឹងបញ្ចេញលក់នូវ ៣ ប្រភេទផ្សេងៗគ្នាដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួនទៅតាមប្រភេទនៃអតិថិជននីមួយៗ។
បញ្ជាក់ថា សាមីខ្លួនខាងលើនៅមិនទាន់ចេញមុខបកស្រាយអំពីពាក្យចចាមអារ៉ាមខាងលើនៅឡើយទេ តែបើគេសង្កេតមើលពីទំហំទ្រព្យសម្បត្តិដែលប្ដីប្រពន្ធសិល្បករដែលគិតសរុបគឺប្រមាណ ២ ពាន់លានដុល្លារអាមេរិកនោះ ឡានត្រឹម ២៨ លានដុល្លារច្បាស់ជាមិនមែនជាបញ្ហាសម្រាប់ពួកគេឡើយ។
ប្រភព: Celebritynetworth