ក្រោមការចាត់ចែងរបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច ដែលហៅកាត់ជាភាសាបារាំងថា OCDE ប្រទេសចំនួន ១៣០ បានយល់ព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ទី ១ កក្កដា ដើម្បី កំណត់យកពន្ធអប្បបរមា លើក្រុមហ៊ុនអន្តរជាតិ។ បារាំង អាល្លឺម៉ង់ និងអាមេរិកដែលជាអ្នកឈ្មុសឈ្មុលឲ្យមានការយកពន្ធអប្បបរមាលើក្រុមហ៊ុនសហគ្រាស ពហុជាតិ បានសំដែងការស្វាគម អបអរ កិច្ចព្រមព្រៀង ជាប្រវត្តិសាស្រ្តមួយនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ព្រោះថា នេះជាលើកទី១ ដែលប្រទេសជាង ១០០នៅក្នុងពិភពលោកបានយល់ព្រមព្រៀងគ្នា ឲ្យមានការកំណត់អត្រាពន្ធរួម លើក្រុមហ៊ុនអន្តរជាតិ។
តាមសេចក្តីថ្លែងការណ៍ របស់អង្គការ សហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច OCDE នៅក្រោយការចរចាស្តីពីកំណែទម្រង់ ប្រព័ន្ធពន្ធដារពិភពលោក ក្រុមប្រទេសចំនួន១៣០បានសម្រេចលើចំណុចសំខាន់ពីរ។ ទី១ គឺក្រុមហ៊ុនអន្តរជាតិ ត្រូវបង់ពន្ធអប្បបរមា ១៥% នៃប្រាក់ចំណូលរបស់ខ្លួន មិនថា ពួកគេធ្វើជំនួញ នៅប្រទេសណា និងទី២ គឺការបែងចែក ស្មើភាគគ្នា នៃសិទ្ធិយកពន្ធលើក្រុមហ៊ុនអន្តរជាតិ សម្រាប់ប្រទេសដែលមានជាប់ពាក់ព័ន្ធ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាមេរិក លោកស្រី Janet Yellen ប្រកាសចាត់ទុកថ្ងៃព្រហស្បតិ៍ម្សិលមិញថា ជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ការទូតសេដ្ឋកិច្ច។ ប្រធានាធិបតីអាមេរិក លោកចូបៃដិន ដែលធ្លាប់សង្ឃឹម យកប្រាក់ចំណូលពន្ធសម្រាប់ ជំរុញ សេដ្ឋកិច្ចក្នុងស្រុក បានថ្លែងស្វាគម កិច្ចព្រមព្រៀងកាលពីថ្ងៃ ព្រហស្បតិ៍។ ចំណែក បារាំង និងអាល្លឺម៉ង់ ចាត់ទុកកំណែទម្រង់ប្រព័ន្ធពន្ធដារលើកនេះ ថា ជាការបោះជំហានសំខាន់មួយ សម្រាប់យុត្តិធម៌ពន្ធដា ក្នុងពិភពលោក។
សម្រាប់ អង្គការ OECD ការកំណត់អត្រាពន្ធរួម នឹងទៅជួយកាត់បន្ថយការប្រកួតប្រជែងរវាងប្រទេស ដែលធ្លាប់កំណត់អត្រាពន្ធផ្សេងៗគ្នា ដើម្បីទាក់ទាញ ក្រុមហ៊ុនអន្តរជាតិ។
ជាក់ស្តែង ប្រទេសអៀរឡង់ និងហុងគ្រី ដែលកំណត់អត្រាពន្ធ ប្រមាណ ១២%សម្រាប់ក្រុមហ៊ុនបរទេស មិនបានចុះហត្ថលេខាគាំទ្រឲ្យគេកំណត់ពន្ធអប្បបរមា ១៥%នោះទេ។ សម្រាប់រដ្ឋមន្រ្តីសេដ្ឋកិច្ចអៀរឡង់ ការបង្កើនអត្រាពន្ធ ដល់ ១៥%លើប្រាក់ចំណេញរបស់ក្រុមហ៊ុនពហុជាតិនឹងធ្វើឲ្យអៀរឡង់លែងក្លាយជាគោលដៅ ទាក់ទាញ សម្រាប់ អ្នកវិនិយោគ ហើយនិងអាចធ្វើឲ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូល ដែលបានមកពីការប្រមូលពន្ធ។
យ៉ាងណាក៏ដោយ តាម OCDE នៅពេលចូលជាធរមាន ជាផ្លូវការ ការកំណត់ អត្រាពន្ធអប្បបរមា ១៥% ក្រុមហ៊ុន សហគ្រាសបច្ចេកវិទ្យា ធំៗ ដូចជាFacebook Google Apple Amazon ជាដើមនឹងបង្កើនប្រាក់ចំណូល ប្រមាណ ១៥០ពាន់លានដុល្លារ សម្រាប់កញ្ចប់ថវិការដ្ឋាភិបាល។
គួរបញ្ជាក់ថា បន្ទាប់ពីយល់ព្រមព្រៀង ជាគោលការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី១កក្កដា អ្នកតំណាងរបស់ក្រុមប្រទេស ទាំង១៣០ត្រូវបន្តពិភាក្សា នៅខែ តុលា ខាងមុខ ដើម្បី សរសេរបិទបញ្ចប់ ផ្នែកបច្ចេកទេស មុននឹងសម្រេចដាក់ឲ្យអនុវត្តជាផ្លូវការ វិធានយកពន្ធដារួម នៅអំឡុងឆ្នាំ ២០២៣៕
ប្រភព៖ វិទ្យុបារាំង