ស្ពានទន្ទេបាសាក់កោះអន្លង់ចិនទាំងពីរគម្រោងនេះរួចរាល់ជាស្ថាពរ គឺបានចូលរួមជំរុញការអភិវឌ្ឍន៍ដីធ្លី បុរី និងគម្រោងពាណិជ្ជកម្មធំៗនៅទីក្រុងតាខ្មៅឲ្យមានកំណើនកាន់តែច្រើនឡើង ខណៈអ្នកជំនាញរំពឹងថា ការទិញដី បុរី អគារ ខុនដូ និងគម្រោងពាណិជ្ជកម្មនៅក្រុងតាខ្មៅគឺមិនខកបំណងឡើយ បើនិយាយពីផ្លូវវិញតាមណាក៏បាន មានច្រើនជម្រើសណាស់កាន់តែលឿន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ស្ពានទន្លេបាសាក់កោះអន្លង់ចិននៃក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣របស់រាជរដ្ឋាភិបាល សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។
ជាមួយគ្នានេះ ក្រុងតាខ្មៅ បាននឹងកំពុងស្វាគមន៍គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលសាងសង់លើផ្ទៃដីទំហំជាង២៦០០ហិចតា ក្នុងទឹកប្រាក់ជាង១៥០០លានដុល្លារ។
បើតាមការគូសបញ្ជាក់ពីអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) នាពេលកន្លងមកបានឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ គឺកំពុងស្ថិតនៅក្នុងការសាងសង់ ស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទីខេត្តតាកែវ។ បើតាមអ្នកឧកញ៉ាគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ អាចនឹងរួចរាល់នៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ។
ក្រុមអ្នកវិភាគ និងអ្នកជំនាញ បានលើកឡើងដូចគ្នាថា តាមរយៈគម្រោងដ៏ធំនេះ នឹងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ខាងលើនេះ ឲ្យមានសកម្មភាពសកម្មឡើង ជាពិសេសលើសកម្មភាពដីធ្លី។ បន្ថែមលើនេះ វានឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើនេះផងដែរ៕