សមាគម ដែលធ្វើការលើវិស័យកសិកម្មនៅកម្ពុជា បានច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរ ប្រើសម្រាប់ព្រោះស្រូវជាជួរ ជំនួសកំលាំងពលកម្មមនុស្ស បង្កើនល្បឿនដាំដុះ កាត់បន្ថយបរិមាណគ្រាប់ពូជ ធ្វើឱ្យដំណាំស្រូវដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ ជា មធ្យមប្រើរយ:ពេល ១ហត/ម៉ោង ត្រូវការពលកម្មមនុស្ស ១-២នាក់ ពិសេសជាងនេះ គេអាចប្រើឧបករណ៍នេះភ្ជាប់ជាមួយគោយន្ត ឬត្រាក់ទ័រ ទៅតាមទំហំដី។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
គម្រោងនេះ មានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវបានអនុវត្តដោយសមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) បង្កើតឡើងនៅអំឡុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា−អូស្ត្រាលី ហៅកាត់ថា CAVAC ដើម្បីជំរុញការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងចែកចាយគ្រឿងយន្តកសិកម្មដែលមានក្នុងស្រុកឲ្យបង្កើត ឬច្នៃប្រឌិតគ្រឿងយន្ត និងឧបករណ៍ផ្សេងៗដែលមានលក្ខណសាមញ្ញា ងាយប្រើ តម្លៃសមរម្យ ដើម្បីកាត់បន្ថយថ្លៃដើមដែលចំណាយលើការទិញគ្រឿងយន្ត ឬឧបករណ៍ទាំងអស់នោះពីក្រៅប្រទេស។
គួររម្លឹកថា ឃើញពីគុណប្រយោជន៍របស់ឧបករណ៍នេះ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការប្រមូលផលដំណាំស្រូវនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាប់អារម្មណ៍ចំពោះឧបករណ៍នេះ និងកោតសរសើរដល់សមាគមកសិកម្មឈ្លាសវៃដែលបានគិតគូ និងផ្តួចផ្តើមគំនិតកែច្នៃឧបករណ៍កសិកម្មនេះឡើងដើម្បីជួយសម្រាលកម្លាំងរបស់ប្រជាកសិករ និងជួយជំរុញផលិតកម្មដំណាំស្រូវនៅកម្ពុជា ហើយសម្តេចតេជោបានផ្តល់ឧបករណ៍នេះជូនប្រជាកសិករ និងសហគមន៍កសិកម្មក្នុងខេត្តតាកែវចំនួន ១៣០គ្រឿង ខេត្តពោធិ៍សាត់ចំនួន ៥០គ្រឿង ខេត្តបាត់ ដំបងចំនួន ៥០គ្រឿង និងបន្ទាយមានជ័យចំនួន ៥០គ្រឿង ដើម្បីជំរុញល្បឿនស្តារដំណាំស្រូវឡើងវិញបន្ទាប់ពីជំនន់ទឹកភ្លៀង។
តាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ កសិករដែលទទួលបានឧបករណ៍ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ បានប្រើប្រាស់សម្រាប់ទាំងផលិតកម្មដំណាំស្រូវ និងផលិតកម្មគ្រាប់ពូជស្រូវ។ បច្ចុប្បន្ន អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពុងសហការជាមួយសមាគមកសិកម្មឈ្លាសវៃ ក្នុងការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ឧបករណ៍នេះឲ្យបានកាន់តែទូលំទូលាយថែមទៀត៕