ប្រទេសកម្ពុជា និងវៀតណាម បានអះអាងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងលំហូរទំនិញឱ្យកាន់តែរលូន ទោះបីស្ថិតក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ក៏ដោយ។
នេះបើតាមជំនួសរវាងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ ខណៈដែលលោកក៏ត្រូវបញ្ចប់អណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរួមចំណែករបស់ ឯកអគ្គរដ្ឋទូត លោក Vu Quang Minh លើការអភិវឌ្ឍន៍គ្រប់វិស័យ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឈានដល់ការរីកចម្រើនជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រីបានជម្រាបអំពីវឌ្ឍនភាពនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគី ដែលកម្ពុជាបានបញ្ចប់ការចរចា។ លើសពីនេះ ភាគីទាំងពីរប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែឈានដល់កម្រិតដែលប្រទេសទាំងពីរចង់បាន។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នារយៈពេល៣ខែនៃដើមឆ្នាំ២០២១នេះ មានកំណើនខ្ពស់ដល់ទៅ ១០៣% ឬស្មើ ២,៦៩ ពាន់លានដុល្លារ។ ការនាំចេញពីកម្ពុជាទៅវៀតណាម បន្តមានកំណើនខ្ពស់ខ្លាំង ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជាដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានវៀតណាម កាលពីថ្ងៃទី៦ឧសភា។
ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជាទៅវៀតណាមនាអំឡុងពេលនេះ គឺភាគច្រើនជាផលិតផលកសិកម្ម រួមមាន គ្រាប់ស្វាយចន្ទី កៅស៊ូ និងបន្លែ។ ក៏មានដែរ ផលិតផលដែកនិងដែកថែបខាត។ ដោយឡែក ផលិតផលវៀតណាមនាំចូលកម្ពុជាវិញ មានដូចជា ដែកនិងដែកថែប ផលិតផលសម្លៀកបំពាក់ស្បែកជើង ប្រេង និងហ្គាសជាដើម។
នៅក្នុងបញ្ហាពាណិជ្ជកម្មនេះដែរ ភាគីកម្ពុជានិងវៀតណាម កាលពីពេលថ្មីៗនេះ បានឯកភាពគ្នា បន្តរក្សានិងកែលម្អបោសសំអាតគយនៅច្រកព្រំដែនទាំងតាមផ្លូវគោកនិងផ្លូវទឹក ដើម្បីធានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញរវាងប្រទេសទាំងពីរ ជាពិសេសគឺផលិតផលចាំបាច់នានាក្នុងបរិបទកូវីដ១៩នេះ ក្នុងនោះរួមមានទំនិញសម្រាប់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនិងស្បៀងអាហារជាដើម។
ជាការកត់សម្គាល់ បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ក្នុងពេលវិបត្តិកូវីដ១៩នៃឆ្នាំ២០២០ មានអត្រាថយចុះប្រមាណ ១.១៣% គិតជាទំហីទឹកប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារ៕