កំណើននៃការវិនិយោគពីបរទេសបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិេសសកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ស្របពេលកំណើនឡើងនៃចំនួនតំបន់សេដ្ឋកិច្ចពិសេស គឺជាសញ្ញាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
បើតាមរបាយការណ៍រដ្ឋាភិបាល វិស័យសេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្តស្វាយរៀង កំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលពេលបច្ចុប្បន្នមានអ្នកវិនិយោគឯកជនមកពីគ្រប់ទិសទីធ្វើការវិនិយោគ និងបង្កើតការងារបានរាប់ម៉ឺនកន្លែង។

ខេត្តស្វាយរៀង មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម គឺខេត្តឡុងអាន និងខេត្តតៃនិញ មានប្រវែង ២៥៨គីឡូម៉ែត មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង រួមមាន៖ «ច្រកទ្វារព្រំដែនអន្តរជាតិបាវិត, ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍, ច្រកទ្វារព្រំដែនទ្វេភាគីសំរោង, ច្រកទ្វារព្រំដែនទ្វេភាគីបុសមន, ច្រកទ្វារតំបន់ព្រំដែនស្រែបារាំង, ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី, ច្រកទ្វារតំបន់ព្រំដែនដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែដែក» ។
ច្រកទ្វារព្រំដែនទាំង ៨ នេះគឺជាច្រកយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរចេញចូលទំនិញ និងកសិផលផ្សេងៗរបស់អ្នកវិនិយោគិន និងភ្ញៀវទេសចរណ៍ផងដែរ។

ទន្ទឹមនឹងនោះដែរ ខេត្តស្វាយរៀង ក៏មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៨កន្លែងកំពុងដំណើរការ ដូជា៖ «តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន, តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត, តំបន់សេដ្ឋកិច្ចពិសេសសានដុង, តំបន់សេដ្ឋកិច្ចពិសេសនាគរាជ, តំបន់សេដ្ឋកិច្ចពិសេសឈីលូ, តំបន់សេដ្ឋកិច្ចពិសេសហាយផាក, តំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត និងតំបន់សេដ្ឋកិច្ចពិសេសអ៊ិនធ័រវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍» ។
តំបន់សេដ្ឋកិច្ច ០៨ កន្លែងបានដំណើរការបង្កើតការងារដល់ពលរដ្ឋជាង ៧ ម៉ឺននាក់និង ០៣ កន្លែងទៀតកំពុងដំណើរការសាងសង់ ដែលនឹងបង្កើតការងារបន្ថែមរាប់ពាន់កន្លែងទៀត។

ដោយឡែកនៅទូទាំងខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សណ្ឋាគារ និងគ្រឹះស្ថាន សរុប ១៩៧កន្លែង បានបង្កើតការងារជូនប្រជាពលរដ្ឋចំនួន ៧៩.៩៥៧នាក់ ដែលរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក ។
សូមជម្រាបជូនថា រដ្ឋបាលខេត្តស្វាយរៀង បានកំណត់តំបន់អភិវឌ្ឍជា ៣ តំបន់ដែលមានតំបន់ឧស្សាហកម្មស្ថិតនៅក្រុងបាវិត ដែលបណ្តុំដោយរោងចក្រសហគ្រាសរាប់សិបកន្លែង។ ទីពីរតំបន់កសិឧស្សាហកម្មដែលមានដាំដុះដំណាំកសិកម្មផង និងកសិឧស្សាហកម្មផង និងតំបន់កសិកម្មដែលមានការដាំដុះដំណាំស្រូវ។
តំបន់ឧស្សាហកម្មក្រៅពីមាននៅក្រុងបាវិត បានពង្រីកដល់តាមស្រុកមួយចំនួនទៀតមាននៅស្រុកចន្រ្ទា និងនៅក្រុងស្វាយរៀង ៕