បើគ្មានអ្វីប្រែប្រួលទេ ក្នុងឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខា្នតធំថ្មីចំនួនពីរ

សង្គម​ និង​សេដ្ឋកិច្ច

បើទោះបីកម្ពុជាកំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅលើទឹកដីអង្គរខេត្ដសៀមរាប និងខេត្តកណ្តាលនៅតែដំណើរការជាធម្មតា ពោលក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ ដើម្បីឱ្យសម្រេចគោលដៅរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបាន៤២ភាគរយហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេសនិង រចនាបថអាកាសយានដ្ឋាន មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AI​AI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា។

អាកា​ស​យានដ្ឋានអន្តរជាតិថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​២៣ ដែលមានរយៈពេលសាងសង់៣៦ខែ។

ចំណែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីវិញ មានទីតាំងនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសា​ងស​ង់​ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ អាកា​សយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។

ដោយឡែកសម្រាប់ អាកាសយានដ្ឋានអន្តរជាតិកងកេង ក្នុងខេត្តព្រះសីហនុវិញ ក៏កំពុងត្រូវបានពង្រីកបន្ថែម ខណៈពេលបច្ចុប្បន្នកំពុងត្រូវបានសាងសង់ពង្រីកបន្ថែមដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានSCA ដោយគ្រោងពង្រីកអាចឱ្យយន្តហោះចុះចតបានច្រើនជាង១៣គ្រឿង និង អាចស្វាគមន៍វត្តមានប្រភេទយន្ដហោះធុនធំបាន។ អាកា​សយានដ្ឋានអន្តរជាតិនេះនឹងបញ្ចប់ការសាងសង់ពង្រីកបន្ថែមនៅក្នុងឆ្នាំ២០២២៕