ព្រលានយន្តហោះគឺជាស្នូលសំខាន់មួយសម្រាប់ដំណើរការសេដ្ឋកិច្ចប្រចាំប្រទេសនីមួយៗ ហើយក៏ជាមធ្យោបាយធ្វើដំណើរយ៉ាងល្អបំផុតសម្រាប់ដំណើរកម្សាន្តឆ្លងប្រទេស។
កាលពីឆ្នាំ ២០១៩ ប្រទេសចិនបានសម្ពោធប្រលានយន្តហោះថ្មីមួយ ដែលមានសណ្ឋានជារាងផ្កាយសមុទ្រ ហើយវាបានចំណាយពេលប្រមាណ ៥ ឆ្នាំដើម្បីបញ្ចប់ការសាងសង់ ដោយចាយអស់ទឹកប្រាក់ប្រមាណ ១១,៤ ពាន់លានដុល្លារ និងជាព្រលានយន្តហោះអន្តរជាតិទី ២ នៅទីក្រុងប៉េកាំង បន្ទាប់ពីព្រលានយន្តហោះ Beijing Capital International Airport។
តទៅនេះ គឺជាបញ្ជីព្រលានយន្តហោះធំបំផុតទាំង ១០ ក្នុងពិភពលោក ដោយរាប់គិតពីទំហំសាងសង់លើផ្ទៃដីដូចតទៅ៖
10/ Suvarnabhumi Airport
បើកក្បាលដំបូងនៃបញ្ជី គឺជាព្រលានយន្តហោះអន្តរជាតិប្រចាំប្រទេសថៃ ដែលមានអត្ថន័យថា ដែនដីមាស។ វាត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣២,៤ km² ហើយក៏ជាព្រលានយន្តហោះធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
9/Cairo International Airport
នេះគឺជាព្រលានយន្តហោះមានការធ្វើចរាចរណ៍មមាញឹកបំផុតទី ២ ប្រចាំទ្វីបអាហ្វ្រិក ដោយវាត្រូវបានសង់លើផ្ទៃដីទំហំ ៣៦.២៥ km² នៅតំបន់ Heliopolis និងជានិច្ចកាលជើងហោះហើរ EgyptAir និង Nile Air តែងធ្វើចរាចរណ៍នៅទីនោះ។ ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ កាលពីសង្គ្រាមលោកលើកទី ២ វាគឺជាបញ្ជាការដ្ឋានកងទ័ពអាកាសសហរដ្ឋអាមេរិក មុនប្រែក្លាយជាព្រលានយន្តហោះអន្តរជាតិដូចសព្វថ្ងៃ។
8/ Shanghai Pudong International Airport
សាងសង់លើផ្ទៃដីទំហំ ៣៩.៨៨ km² និងមានរយៈចម្ងាយត្រឹម ៣០ km ពីកណ្ដាលទីក្រុងសៀងហៃ ព្រលានយន្តហោះមួយនេះជាប់ឈ្មោះជាព្រលានដែលមានចរាចរណ៍មមាញឹកបំផុតទី ៥ ប្រចាំទ្វីបអាស៊ី និងថែមទាំងជាប់ចំណាត់ថ្នាក់លេខ ៣ ទូទាំងពិភពលោកផ្នែកដឹកជញ្ជូន ដោយកាលពីឆ្នាំ ២០១៦ មានទំនិញប្រមាណជិត ៣,៥ លានតោនត្រូវបានដឹកចេញពីព្រលានមួយនេះ។
7/ George Bush Intercontinental Airport
ទំហំដីដែលសាងសង់ព្រលានយន្តហោះមួយនេះ គឺ ៤៤.៥១ km² និងជាព្រលានយន្តហោះដែលមានអ្នកដំណើរច្រើនបំផុតទី ២បន្ទាប់ពីព្រលានយន្តហោះ O’Hare International Airport នៅរដ្ឋ Chicago។ វាមានស្ថានីយរង់ចាំការធ្វើដំណើរចំនួន ៥ និងច្រកធ្វើដំណើរចំនួន ១៣០ ច្រក។
6/Beijing Daxing International Airport
ព្រលានយន្តហោះមួយនេះទើបបើកការសម្ពោធកាលពីឆ្នាំ២០១៩ប៉ុណ្ណោះ ជាមួយរយៈពេលសាងសង់ ៥ ឆ្នាំ និងកញ្ចប់ថវិកាប្រមាណ ១១.៤ ពាន់លានដុល្លារ នៅលើផ្ទៃដី ៤៧km² ។ ព្រលានយន្តហោះដែលមានទីតាំងនៅព្រំប្រទល់ទីក្រុងប៉េកាំង ទីក្រុងឡាងហ្វាង និងទីក្រុងហឺប៉ី ត្រូវបានសាងសង់ដោយវិទ្យាស្ថាន Beijing Institute of Architectural Design (BIAD) និងរចនាដោយអ្នកគូរប្លង់ជនជាតិអង់គ្លេស Zha Hadid Architects និងរៀបគម្រោងដោយក្រុមជំនាញបារាំង ADPI។
5/Dulles International Airport
ឈ្មោះពេញរបស់ព្រលានយន្តហោះនេះគឺ Washington Dulles International Airport ដែលត្រូវបានដាក់ឈ្មោះតាម John Foster Dulles ដែលជារដ្ឋលេខាធិការទី ៥២ ប្រចាំសហរដ្ឋអាមេរិក។ វាជាព្រលានធំបំផុតក្នុងចំណោមព្រលានយន្តហោះធំទាំង ៣ ប្រចាំរដ្ឋ Baltimore-Washington តែបើគិតពីចំនួនអ្នកធ្វើដំណើរ វាចាញ់គឺនៅចាញ់ប្រលាន ២ ផ្សេងទៀត ដោយកាលពីឆ្នាំ ២០១៦ Ronald Reagan Washington National Airport មានចំនួនអ្នកធ្វើដំណើរ ២៤.៦ លាននាក់ ខណៈ Washington International Thurgood Marshall Airport មាន ២៥ លាន ស្របពេល Dulles International Airport មានត្រឹម ២២ លាននាក់។
បញ្ជាក់ថា ផ្ទៃដីសរុបនៃព្រលានយន្តហោះនេះគឺមាន ៥២km² តែត្រូវសាងសង់លើទំហំផ្ទៃដី ៤៨.៥៦km² ប៉ុណ្ណោះ។
4/ Orlando International Airport
គឺជាព្រលានដ៏មមាញឹក និងធំបំផុតប្រចាំរដ្ឋ Florida ដែលជាទូទៅមានដំណើរប្រមាណ ៨៥០ អ្នកប្រចាំសប្ដាហ៍មកពីជើងហោះហើរ ៤៤ ផ្សេងៗគ្នា ហើយព្រលានមួយនេះគឺ ត្រូវសាងសង់លើផ្ទៃដី ៥៣.៨៣km²។
3/Dalla/Fort Worth International Airport
ចូលមកដល់ Top 3 ក្នុងបញ្ជី ព្រលានយន្តហោះមួយនេះជាប្រលានខ្នាតសកលលោកទី ២ និងខ្នាតអន្តរជាតិទី ៣ របស់សហរដ្ឋអាមេរិក។ ដោយសារតែទំហំដីដល់ទៅជិត ៧ ពាន់ហិចតា គឺវាធំជាងតំបន់ម៉ាហាថាន់ទៅទៀត ពោលគឺមានលេខកូដប្រៃសណីយប្រចាំតំបន់ មានប៉ុស្តិ៍ប៉ូលីស ស្ថានីយពន្លត់អគ្គិភ័យ និងកន្លែងសង្គ្រោះបន្ទាន់ថែមទៀត។
2/ Denver International Airport
ប្រលានយន្តហោះមួយនេះគឺជាព្រលានធំបំផុតរបស់សហរដ្ឋអាមេរិក ដោយបានសង់លើផ្ទៃដីទំហំ ១៣៥.៧១km² ដែលសឹងតែស្មើ ២ ដងនៃប្រលាន Dallas/Fort Worth International Airport ទៅហើយ។ វាអាចរកចំណូលបានច្រើនសន្ធឹក គឺ ២៦.៣ ពាន់លានដុល្លារ ហើយលើសពីនេះ វាថែមទាំងជាប់ឈ្មោះជាព្រលានយន្តហោះអន្តរជាតិល្អបំផុតក្នុងពិភពលោកថែមទៀត។
1/ King Fahd International Airport
ដោយសារតែទំហំផ្ទៃដីសរុបដល់ទៅ ៧៧៦km² គឺធំជាងប្រទេសសិង្ហបុរីទៅទៀត ដូច្នេះវាគួរតែហៅថាជារដ្ឋមួយទើបសមជាង។ វាមានទីតាំងនៅតំបន់ Dammam ប្រទេសអារ៉ាប់ប៊ីសាអូឌីត។ យ៉ាងណាមិញ សម្រាប់តួព្រលានយន្តហោះគឺសាងសង់តែលើទំហំដី ៥% សរុបប៉ុណ្ណោះ ដោយគិតទៅប្រហែល ៣៦,៧៥ km² ហើយបើរាប់តែពីទំហំព្រលានយន្តហោះ វាតូចជាងគេក្នុងបញ្ជីនេះ រីឯចំនួនអ្នកធ្វើដំណើរគឺកាន់តែតិចជាងគេ ពោលស្ទើរតែមិនបានដល់ ១០ លាននាក់ផងក្នុងមួយឆ្នាំៗ៕
ប្រែសម្រួល៖ ប៉ាន់ហ្វួយ
ប្រភព: pickytop