ប្រធានមន្ទីរសាធារណការខេត្តក្រចេះបានថ្លែងឲ្យដឹងថា ក្រុមបច្ចេកទេសកំពុងចុះសិក្សាក្នុងការស្ថាបនាផ្លូវជាតិមួយខ្សែទៀតប្រវែងជាង ១០០ គីឡូម៉ែត្រពីខេត្តក្រចេះទៅខេត្តកំពង់ធំ។
លោក សាំង ប៊ុនថេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានបង្ហើបពីគម្រោងស្ថាបនាផ្លូវជាតិថ្មីគឺផ្លូវជាតិលេខ ៦០បេ។ បើតាមលោកប្រធានមន្ទីរ បច្ចុប្បន្នក្រុមវិស្វករចិនកំពុងចុះសិក្សាស្ថាបនាផ្លូវជាតិថ្មីមួយខ្សែនេះ ដែលគ្រោងធ្វើចាប់ពីស្ពានទន្លេមេគង្គថ្មីខេត្តក្រចេះ ទៅដល់កំពង់ថ្មក្នុងខេត្តកំពង់ធំ។
ប្រធានមន្ទីរសាធារណការខេត្តក្រចេះបានបញ្ជាក់ទៀតថា ផ្លូវជាតិថ្មីមួយខ្សែនេះ សាងសង់កាត់តាមស្រុកព្រែកប្រសព្វរហូតដល់កំពង់ថ្មខេត្តកំពង់ធំ ដែលមានប្រវែងជាង ១៣០ គីឡូម៉ែត្រ។ នៅពេលផ្លូវជាតិថ្មីមួយខ្សែនេះស្ថាបនារួច សម្រួលការដឹកជញ្ជូន កាត់បន្ថយពេលធ្វើដំណើរបង្កើនដល់វិស័យទេសចរណ៍ពីតំបន់ភាគកណ្ដាលមកតំបន់ភាគឦសាន ជាពិសេសភ្ញៀវទេសចរឡើងពីខេត្តសៀមរាប អាចធ្វើដំណើរតាមផ្លូវជាតិថ្មីនេះកាត់តាមកំពង់ធំមកកម្សាន្តខេត្តក្រចេះកាន់តែងាយស្រួល៕