សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមប្រព័ន្ធអនឡាញ (Zoom) ដោយមានរបៀបវារៈសំខាន់ៗមួយចំនួន។ ក្នុងនោះ ក៏មានការប្រជុំពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា»ផងដែរ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា (តទៅនេះហៅថា សេចក្តីព្រាងច្បាប់) ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវបានផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ក្នុងន័យនេះ ការងារសិក្សាស្រាវជ្រាវ និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក. អ. ក)។ នៅក្នុងកិច្ចដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ បានប្រជុំពិគ្រោះយោបល់ ជាមួយតំណាងផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។
លោក ផៃ ស៊ីផាន បានឲ្យដឹងបន្តថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម- សេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈ៖
– ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព, ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន, គ្មានការរើសអើង, មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច។ – ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធនការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹង និងចំណេះធ្វើ។ – ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មបាននិងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក។ និង- ការផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងផលប្រយោជន៍ជាតិ។
សេចក្តីព្រាងច្បាប់នេះ បានគិតគូរអំពីការផ្តល់ការលើកទឹកចិត្ត ដល់វិស័យអាទិភាព កម្រិតបច្ចេកវិទ្យា និងបច្ចេកទេស ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម។ ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់នេះ បានកែសម្រួលនិងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធទៅនឹងយន្តការស្ថាប័ន និងនីតិវិធីនៃការស្នើសុំការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (តទៅនេះហៅថា គ.ល. គ.) ។
ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាជូនវិនិយោគិន សេចក្តីព្រាងច្បាប់នេះ ក៏បានរំលេចនូវយន្តការនៃការពិនិត្យនិងសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ តាមរយៈការធ្វើប្រតិភូកម្មទៅរដ្ឋបាលរាជធានី ខេត្ត។ ទន្ទឹមគ្នានេះ ក្នុងន័យបង្កើនភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់កម្ពុជា, សេចក្តីព្រាងច្បាប់នេះ បានបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជី ពី ៣១ ថ្ងៃនៃថ្ងៃធ្វើការ មកត្រឹម ២០ថ្ងៃនៃថ្ងៃធ្វើការ តាមរយៈការលុបបំបាត់ “វិញ្ញាបនបត្រចុះបញ្ជីមានលក្ខខណ្ឌ” និង “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដោយជំនួសមកវិញនូវការចេញ “វិញ្ញាបនបត្រចុះបញ្ជី” តែមួយគត់ ហើយការបំពេញពាក្យសុំចុះបញ្ជីអាចធ្វើទៅបានផងដែរ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។
សេចក្តីព្រាងច្បាប់ ក៏បានពង្រឹងនូវយន្តការច្រកចេញ-ចូលតែមួយរបស់ ក. អ. ក. ដើម្បីឱ្យការបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីនេះ អាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព ក៏ដូចជាពង្រឹងយន្តការអនុម័តបញ្ជីមេរបស់គម្រោងវិនិយោតផងដែរ។ លើសពីនេះ ដើម្បីកាត់បន្ថយបន្ទុកដល់វិនិយោគិនចំពោះកាតព្វកិច្ចនៃអនុលោមភាពច្បាប់ ដូចជាការចុះអធិការកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សេចក្តីព្រាងច្បាប់នេះបានកែសម្រួលយន្តការស្ថាប័ន ដោយបានដាក់ចេញនូវការពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមរយៈការចុះត្រួតពិនិត្យក្នុងពេលតែមួយ និងរួមគ្នា។
សេចក្តីព្រាងច្បាប់ បានបង្កើតរបបលើកទឹកចិត្តផ្នែកពន្ធ ដែលមានភាពច្បាស់លាស់, មុតស្រួច, ចំគោលដៅជាងមុន និងអាចប៉ាន់ប្រមាណទុកជាមុនបាន ទៅលើវិស័យដែលរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត ជាពិសេសវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់, មានតម្លៃបន្ថែមខ្ពស់, បង្កើនតំណភ្ជាប់កម្ពុជាទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃនៅក្នុងតំបន់ និងសកល។ របបលើកទឹកចិត្តផ្នែកពន្ធនៅក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានបែងចែកជា ៣ប្រភេទ គឺ៖ – ការលើកទឹកចិត្តមូលដ្ឋាន – ការលើកទឹកចិត្តបន្ថែម និង- ការលើកទឹកចិត្តពិសេស។
ចំពោះការលើកទឹកចិត្តមូលដ្ឋាន របបលើកទី កចិត្តនេះ ត្រូវបានបែងចែកបន្ថែមជា ២ជម្រើសផ្សេងគ្នា អាស្រ័យការជ្រើសរើសរបស់វិនិយោគិនផ្ទាល់ ដោយជម្រើសទី១ គឺ ផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ ទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង និងការលើកទឹកចិត្តផ្សេងទៀត ហើយជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាត់កងរហូតដល់ ២០០% លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀត។ បន្ថែមលើនេះ គ. ល. ត ក៏នៅទទួលបាននូវការលើកទឹកចិត្តបន្ថែមដទៃទៀតដូចជា ការលើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើសម្ភារៈសាងសង់, បរិក្ខារសំណង់, សម្ភារៈបរិក្ខារផលិតកម្ម, និងធាតុចូលផលិតកម្មរបស់ខ្លួន ទៅតាមប្រភេទតម្រោងវិនិយោគនីមួយៗ។
សេចក្តីព្រាងច្បា ប់ក៏ត្រូវបានរៀបចំឡើងឲ្យមានភាពបត់បែនបាន ដោយមានការផ្តល់ការលើកទឹកចិត្តពិសេសចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយ ដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។ ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោម តាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគ ផងដែរ។
នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឲ្យកម្ពុជាកាន់តែមានភាពទាក់ទាញ ចំពោះការវិនិយោគផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុក៕ ប្រភព៖ កម្ពុជាថ្មី