ក្រុមហ៊ុន ជីបម៉ុង នៅតែបន្តសម្រុកបោះទុនវិនិយោគសាងសង់គម្រោងផ្សារទំនើបទាំង ៤ ទីតាំងរបស់ខ្លួន ជាមួយទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារ។
ការបន្តវិនិយោគលើការបើកអាជីវកម្មផ្សារទំនើប ក្រុមហ៊ុនបានឈរលើហេតុផលនិងយុទ្ធសាស្រ្ត២សំខាន់។
បើតាមលោក អាកណុល ឌុយហ្រ្វេន (Arnaud Dufresne) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា យុទ្ធសាស្រ្ត ជីបម៉ុង រីថែល មាន ២សំខាន់ គឺទាក់ទាញម៉ាកយីហោល្បីៗអន្តរជាតិមកក្នុងទីផ្សារទំនើបរបស់ខ្លួន និងបង្កើតម៉ាកយីហោផ្ទាល់ខ្លួនសម្រាប់ផលិតផលចាំបាច់ ដែលប្រកបដោយគុណភាព និងច្នៃប្រឌិត។
អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បានលើកមូលហេតុចម្បងមួយចំនួនទៀត។ កត្តាទី១ គឺភាពរឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលមានពហុពាណិជ្ជកម្មនៅក្នុងគ្រុបក្រុមហ៊ុនដ៏ធំ គឺមានទំនាក់ទំនងបំពេញឲ្យគ្នាទៅវិញទៅមក រាប់ចាប់ពីការផ្សព្វផ្សាយដល់ការដោះដូរផលិតផលគ្នាទៅវិញទៅមក តួយ៉ាងគម្រោងផ្សារទំនើបជីប ម៉ុង ជាមួយ ជីប ម៉ុង ទីណាមានជីប ម៉ុងលែន ទីនោះមានផ្សារទំនើប ជីប ម៉ុង ហើយយើងក៏មានធនាគារ ជីប ម៉ុង ដែលអាចផ្តល់នូវទុនកម្ចីដល់ដៃគូពាណិជ្ជកម្មដែលចង់ពង្រីកសាខារបស់ពួកគេនៅក្នុងផ្សារទំនើបរបស់យើងបានផងដែរ។ កត្តាទី២ គឺទីផ្សារវិស័យលក់រាយ នៅកម្ពុជា កំពុងតែអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងលឿន ហើយក្នុងរយៈពេល ៣ឆ្នាំទៅមុខ នឹងមានកំណើនឡើងទ្វេរគុន រួមជាមួយនឹងការប្រកួតប្រជែងខ្លាំង ដូច្នេះវាជាឱកាសដ៏ល្អសម្រាប់ម្ចាស់ម៉ាកយីហោផលិតផលល្បីផ្សេងៗ ក្នុងការពង្រីកវិសាលភាពនៃពាណិជ្ជកម្មរបស់ពួកគេ៕
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ