ចំណីអាហារពិតណាស់ប្រាកដជាមានសារៈសំខាន់ ហើយជាពិសេសសម្រាប់បុគ្គលល្បីៗតែម្ដង ដែលពួកគេមានការយកចិត្តទុកដាក់ខ្លាំងបំផុតសម្រាប់ការហូបចុកនេះ។
តទៅនេះ គឺជាបញ្ជីឈ្មោះបុគ្គលល្បីៗ ៥ រូបដែលចាយលុយពេញដៃសម្រាប់ការចំណាយលើថ្លៃម្ហូបអាហារ៖
1/ Justin Bieber
កាលពីឆ្នាំ ២០១៤ E! News បានរាយការណ៍ថា គ្រាន់តែទៅមើលកុន Bieber ចាយលុយ ២៤១ ដុល្លារសម្រាប់អាហារសម្រន់ ហើយក្នុងឆ្នាំដដែលនោះ គេចាយអស់ ២៤០ ដុល្លារបន្ថែមទៀតគ្រាន់តែញាំអាហារសម្រន់បែបម៉ិកស៊ីកូ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ មានម្ដង Justin Bieber ចាយលុយ ១ ម៉ឺនដុល្លារ សម្រាប់ការខ្ចប់អាហារបែបចិន។
2/ Mike Tyson
អតីតកីឡាប្រដាល់រូបនេះត្រូវបានគេរាយការណ៍មកថា ក្នុងមួយឆ្នាំ លោកចាយអស់មិនក្រោម ២០ ម៉ឺនដុល្លារឡើយសម្រាប់ថ្លៃហូបចុក តែមិនមែនសម្រាប់ខ្លួនឯងឡើយ តែដើម្បីសម្រាប់សត្វចិញ្ចឹមគឺ ខ្លា Bengal ៣ ក្បាល។ យ៉ាងណាមិញ E! News រាយការណ៍មកថា Mike Tyson ឈប់ចិញ្ចឹមខ្លាទាំងនោះទៀតហើយ ព្រោះតែការចំណាយលើពួកវាអស់ច្រើនពេក និងដោយសារមាឌរបស់ពួកវាកាន់តែធំឡើងៗ។
3/ Mark Cuban
លោកគឺជាមហាសេដ្ឋីតែមួយរូបគត់នៅក្នុងបញ្ជីឈ្មោះមួយនេះ ដោយមានម្ដង កាលពីឆ្នាំ ២០១១ លោកបានធ្វើពិធីជប់លៀងមួយ ហើយ Fox Sports រាយការណ៍ថា គ្រាន់តែថ្លៃចំណាយលើម្ហូបអាហារនាល្ងាចនោះ មហាសេដ្ឋីរូបនេះ ចាយអស់ ១១ ម៉ឺនដុល្លារ ខណៈ ៩ ម៉ឺនដុល្លារ គឺសម្រាប់តម្លៃស្រាសំប៉ាញមួយដបដែលមានឈ្មោះថា Ace of Spades Champagne ហើយគាត់ថែមទាំងបានឲ្យប្រាក់ធីប ២ ម៉ឺនដុល្លារសម្រាប់បុគ្គលិកទីនោះផងដែរ។
4/ Beyonce
តារាចម្រៀង Beyonce គឺជាបុគ្គលម្នាក់មិនញញើតក្នុងការចំណាយប្រាក់ឡើយ ពោលបើឃើញស្រឡាញ់ពេញចិត្តគឺទិញយកតែម្ដង ជាក់ស្ដែងអ្នកនាងក៏ជាអ្នកស្រឡាញ់សុខភាពខ្លាំងផងដែរដោយមានដល់ទៅចុងភៅផ្ទាល់ខ្លួនដើម្បីតាមដានរបបអាហាររបស់អ្នកនាងឲ្យមានតុល្យភាព។
ដោយឡែក គេដឹងថា ក្នុងមួយខែៗ គ្រាន់តែចាយទៅលើចុងភៅម្នាក់នោះ Beyonce ដកលុយពីកាបូបប្រមាណ ៧ ៥០០ ដុល្លារ ហើយនៅមានអ្នកចាំតាមដានរបបអាហារដែលទទួលបានខ្ពស់បំផុត ៤ ០០០ ដុល្លារទៀតផង។
5/ Shaquille O’Neal
Shaquille O’Neal ឬត្រូវគេហៅថា Shaq គឺជាបុគ្គលម្នាក់ដែលមានការចាយវាយធំសម្បើម ដោយមានម្ដងនោះ គ្រាន់តែទៅទិញឥវ៉ាន់នៅ Walmart លោកចាយអស់ ៧ ម៉ឺនដុល្លាររហូតធ្វើឲ្យក្រុមសន្តិសុខផ្ទាល់ខ្លួនមានការភាន់ច្រឡំស្មានតែគេលួចកាតធនាគាររបស់លោកថែមទៀត។
សម្រាប់ការហូបចុកវិញ Shaq ក៏ដៃទូលាយដូចគ្នាដោយក្នុងមួយខែ លោកចាយអស់ ១២ ៧៧៥ ដុល្លារសម្រាប់ចំណីអាហារ។ ហើយបើមើលទៅលើការចំណាយផ្សេងៗទៀត គឺអាចឲ្យប្រិយមិត្តចំហមាត់បាន ដោយអតីតកីឡាករបាល់បោះ ចាយអស់ជាង ៧០ ម៉ឺនដុល្លារក្នុងមួយខែ ដោយ ជាង ១០ ម៉ឺនដុល្លារសម្រាប់ដំណើរកម្សាន្ត ៤៦ ៥០០ ដុល្លារសម្រាប់ថ្លៃមើលថែកូន ២៣ ៩៥០ ដុល្លារសម្រាប់សំលៀកបំពាក់ ៦០ ៤១៧ សម្រាប់ការទិញកាដូ ២៤ ៣០០ ដុល្លារសម្រាប់ថ្លៃប្រេងឥន្ធនៈ និងជាង ៤០ ម៉ឺនដុល្លារសម្រាប់ការទូទាត់ប្រាក់កម្ចីទិញផ្ទះ ៣ កន្លែង៕
ប្រភព: Cheatsheet