ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ គឺមានការចូលរួមពីតំណាងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន ដើម្បីជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ ជាមួយគណៈប្រតិភូជាន់ខ្ពស់ សហភាពអឺរ៉ុប (EU)។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អង្គប្រជុំពិភាក្សាលើវឌ្ឍនភាពនៃពាណិជ្ជកម្មអន្តរជាតិក្រោមក្របខ័ណ្ឌអង្គការ WTO គោលនយោបាយពាណិជ្ជកម្មថ្មីរបស់ EU ក្នុងការធ្វើកំណែទម្រង់អង្គការ WTO និងទិសដៅអាទិភាព មួយចំនួនសម្រាប់កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១២ នៃអង្គការ WTO (MC12) ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២១ ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មនៃគណៈកម្មការ EU លោក Ignacio Garcia Bercero និងលោក Petros Sourmelis ប្រធានផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ច EU បាននិយាយ អំពីទិសដៅអាទិភាពនៃគោលនយោបាយពាណិជ្ជកម្មថ្មីរបស់ EU ដោយផ្តោតសំខាន់លើការដោះស្រាយបញ្ហាជាប់គាំងប្រព័ន្ធដោះស្រាយវិវាទនៃអង្គការ WTO ការកំណត់និងសម្រេចបាននូវសមិទ្ធផលវិជ្ជមានពីកិច្ចប្រជុំ MC12 រួមមានជាអាទិ៍ ការបញ្ចប់ការចរចាកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនវិស័យជលផល (Fisheries Subsidies) និងការជំរុញការចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក (E-Commerce) ជាដើម និងការធ្វើកំណែទម្រង់អង្គការ WTO ឱ្យឆ្លើយតបទៅនឹងបរិការណ៍នៃវិបត្តិជំងឺឆ្លងសកល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដំណាងឲ្យភាគីកម្ពុជា បានបង្ហាញ អំពីគោលជំហរកម្ពុជាក្នុងការគាំទ្រការស្តារទ្បើងវិញនូវដំណើរការពេញលេញរបស់ប្រព័ន្ធដោះស្រាយវិវាទអង្គការ WTO ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការប្រើប្រាស់យន្តការឯកតោភាគី និងគោលនយោបាយគាំពារនិយម។
លោកបន្តថា កម្ពុជាគាំទ្រនូវការធ្វើកំណែទម្រង់អង្គការ WTO ទាំងក្របខ័ណ្ឌច្បាប់ និងដំណើរការ ស្ថាប័ន ក៏ប៉ុន្តែការធ្វើកំណែទម្រង់នេះ ត្រូវផ្តោតនិងគិតគូរជាសំខាន់ផងដែរ ចំពោះរាល់បញ្ហាជាការព្រួយបារម្ភរបស់គ្រប់សមាជិក ជាពិសេសសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (LDCs)។
ជាការឆ្លើយតបលើបញ្ហាវិបត្តិជំងឺឆ្លងរាតត្បាតជាសកល លោក សុខ សុភ័ក្រ្ត បានបញ្ជាក់ អំពីសារៈសំខាន់នៃការបន្តផ្តល់នូវភាពបត់បែន (Flexibilites) និងប្រព្រឹត្តិកម្មពិសេសនិងដាច់ដោយឡែក (Special and Differential Treatment – SDT) ផ្សេងទៀត ដល់ប្រទេស LDCs រួមទាំង កម្ពុជាផងដែរ ក្នុងពាណិជ្ជកម្មអន្តរជាតិ។
លោកបបន្ថែមថា ផែនការគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១-២០២៣ សំដៅរក្សានិងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធានារក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។
ពាក់ព័ន្ធនឹងការចរចាលើកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនវិស័យជលផល (Fisheries Subsidies) លោករដ្ឋលេខាធិការរូបនេះ គូសបញ្ជាក់ថា អំពីគោលជំហររបស់កម្ពុជាក្នុងគាំទ្របញ្ចប់ការចរចាលើការឧបត្ថម្ភធនវិស័យជលផលឱ្យបានចប់មុន កិច្ចប្រជុំ MC12 ក៏ប៉ុន្តែស្នើសុំឱ្យសមាជិកទាំងអស់ ពិចារណាផ្ដល់ភាពបត់បែនពេញលេញដល់ប្រទេស LDCs ជាពិសេសការឧបត្ថម្ភធនវិស័យជលផលសម្រាប់ការនេសាទខ្នាតតូច ខ្សត់ឧបករណ៍ និងការនេសាទសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចា E-Commerce ក្រោមក្របខ័ណ្ឌអង្គការ WTO ផងដែរ ហើយបានកត់សម្គាល់ពីការចូលរួមរបស់កម្ពុជា ក្នុងនាមជាអ្នកអង្កេតការណ៍ក្នុងកិច្ចចរចានេះ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងអភិវឌ្ឍច្បាប់ បទដ្ឋានគតិយុត្ត និងយុទ្ធសាស្រ្តក្នុងការលើកកម្ពស់វិស័យ E-Commerce នៅកម្ពុជា ផងដែរ៕