ជាមោទនភាពមួយ ដែលកូនខ្មែរពីររូបបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យពីប្រទេសរុស្សី។
បើយោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី និស្សិតខ្មែរទាំងពីររូបគឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី។ បញ្ញវ័ន្តខ្មែរទាំងពីរនាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី ។
តាមសមាគមនិស្សិតខ្មែរ កូនខ្មែរទាំងពីររូបនេះមុនមានឱកាសចេញទៅរៀនជំនាញនុយក្លេអ៊ែរពីប្រទេសរុស្សី ពួកគេមានប្រវត្តិសិក្សានិងជាអតីតនិសិ្សតសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី មានផែនការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត។
បើឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនិងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន មាននិស្សិតខ្មែរចំនួន ៦រូបផ្សេងទៀតកំពុងបន្តការសិក្សាលើជំនាញនុយក្លេអ៊ែរ ដែលនៅប៉ុន្មានឆ្នាំទៀតនេះនឹងនាំចំណេះជំនាញផ្នែកថាមពលនេះមកជួយអភិវឌ្ឍប្រទេសជាតិ៕