ផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាល ម៉លរបស់ក្រុមហ៊ុនជីបម៉ុង ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ កំពុងសម្រុកសាងសង់ឲ្យបានរួចរាល់តាមការគ្រោងទុកត្រឹមត្រីមាសទី៣ ឆ្នាំ២០២២។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ


លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ថា ក្រុមកម្មករនៅតែបន្តសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល ជារៀងរាល់ថ្ងៃ មកដល់ពេលនេះ សម្រេចបានប្រមាណជា ៦០ភាគរយហើយ ដោយក្នុងនោះ គ្រឿងបង្គុំអគារទាំងមូលសម្រេចបានជាង ៩៦ភាគរយ។ ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់ ហើយដាក់ឲ្យដំណើរការតាមការគ្រោងទុក។


ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល ជាគម្រោងវិនិយោគដ៏ធំដែលមានទីតាំងសម្រាប់ជួលរហូតដល់ទៅ ២៥០ ទីតាំង។ គម្រោងនេះ នឹងប្រែតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលខាងមុខ។ ខណៈដែលផ្សារទំនើបដ៏ធំមួយនេះ គ្រោងបញ្ចប់នៅពេលឆាប់ៗនេះ បើតាមលោកArnaud Dufresne ក្រុមហ៊ុនកំពុងបើកទ្វារស្វាគមន៍ដៃគូពាណិជ្ជកម្មនានា ដែលមានបំណងចង់ជួលផ្ទៃក្រឡាក្នុងផ្សារទំនើបដើម្បីដាក់លក់ផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ៕