បើទោះបីជាស្ថិតនៅកាលៈទេសៈលំបាកមួយក្ដី គឺពិភពលោកទាំងមូលកំពុងជួបបញ្ហាវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺ COVID-19 ក៏ចំនួនមហាសេដ្ឋីទូទាំងពិភពលោកនៅតែបន្តកើនឡើងឥតស្រាកស្រាន្ត ហើយឆ្នាំនេះគឺមានចំនួនច្រើនជាងឆ្នាំមុនទៀត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon និងទើបធ្វើដំណើរជោគជ័យទៅកាន់លំហអាកាសកាលពីថ្ងៃទី ២០ កក្កដាថ្មីៗនេះ នៅតែរក្សាតំណែងជាមហាសេដ្ឋីមានបំផុតក្នុងពិភពលោក ដោយបច្ចុប្បន្នទំហំទ្រព្យសម្បត្តិរបស់លោកគឺមានប្រមាណ ២០៣ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំទៅមានត្រឹម ១៨៣ ពាន់លានដុល្លារ។

យ៉ាងណាមិញ សម្រាប់អត្ថបទមួយនេះ ឧកញ៉ាញូវស៍សូមលើកយកនូវវត្តមានបុគ្គល ១០ រូបមានទ្រព្យច្រើនបំផុតប្រចាំទ្វីបអាស៊ី ឲ្យប្រិយមិត្តអ្នកអានស្គាល់ដូចតទៅ៖
1/ Mukesh Ambani

បុគ្គលឈរនៅកំពូលតារាងរូបនេះ គឺជាមហាសេដ្ឋីជនជាតិឥណ្ឌាដែលមានទំហំទ្រព្យសម្បត្តិប្រមាណ ៨៤,៥ ពាន់លានដុល្លារ ហើយលោកគឺជាម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុនថាមពល និងទូរគមនាគមន៍ Reliance Industries ដែលក្ដោបក្ដាប់វិស័យផ្សេងៗដូចជា គីមីឥន្ធនៈ ប្រេង ឧស្ម័ន ទូរគមនាគមន៍ជាដើម។
បុរសខាងលើចាយពេលត្រឹម ១ ឆ្នាំប៉ុណ្ណោះ ក្នុងការរំកិលខ្លួនមកកាន់តំណែងលេខ ១០ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតទូទាំងពិភពលោក ខណៈកាលពីឆ្នាំទៅលោកជាប់ក្នុងបញ្ជីមួយនេះក្នុងលេខរៀងទី ២១។
2/ Zhong Shanshan

បុរសដែលមានរហស្សនាមថា “ស្ដេចទឹកបរិសុទ្ធ” Zhong Shanshan គឺជាស្ថាបនិកនៃក្រុមហ៊ុនផលិតទឹកបរិសុទ្ធ Nongfu Spring គឺជាមហាសេដ្ឋីមានបំផុតទី ២ ប្រចាំទ្វីបអាស៊ីដោយលោកមានដើមកំណើតជាជនជាតិចិន។
នៅឆ្នាំ ២០២០ បុរសរូបនេះមានទំហំទ្រព្យសម្បត្តិប្រមាណ ២ ពាន់លានដុល្លារប៉ុណ្ណោះ តែ ១ ឆ្នាំបន្ទាប់វាកើនឡើងរហូតដល់ ៦៨,៩ពាន់លានដុល្លារដែលធ្វើលោករំកិលពីលេខរៀង ១០៦៣ នៃតារាងអ្នកមានបំផុតក្នុងពិភពលោក មកត្រឹមលេខ ១៣ វិញ។
3/ Ma Huateng

មហាសេដ្ឋីមានបំផុតទី ៣ គឺជានាយកប្រតិបត្តិក្រុមហ៊ុនយក្ស Tencent Holdings ដែលជាប់ឈ្មោះជាក្រុមហ៊ុនធំបំផុតប្រចាំប្រទេស បើផ្អែកតាមមូលធនទីផ្សារ។
បុរសរូបនេះមានដើមកំណើតជាជនជាតិចិន ដែលមានទំហំទ្រព្យសម្បត្តិសរុប ៦៥,៨ ពាន់លានដុល្លារ។
4/ Colin Huang Zheng

ស្ថាបនិកក្រុមហ៊ុន Pinduoduo ដែលជាដៃគូប្រជែង Alibaba គឺជាបុគ្គលមានបំផុតទី ៤ ក្នុងបញ្ជី និងជាមហាសេដ្ឋីមានបំផុតទី ៣ ប្រចាំប្រទេសចិន។ មានពាក្យមួយឃ្លាដែល Colin ចំណាំនិយាយគឺ “ខ្ញុំចាំបាច់ត្រូវរៀនសូត្រពីរបៀបរបប និងការរៀបចំខ្លួនអំពីអ្នកមានជាមុនសិន មុនពេលខ្ញុំក្លាយទៅជាអ្នកមាន”។
បុរសខាងលើមានទំហំទ្រព្យសម្បត្តិសរុប ៥៥,៣ ពាន់លានដុល្លារ។
5/ Gautam Adani និងក្រុមគ្រួសារ

ចូលមកដល់ពាក់កណ្ដាលនៃបញ្ជីឈ្មោះមួយនេះ គឺជាវត្តមានរបស់មហាសេដ្ឋីឥណ្ឌាទី ២ គឺលោក Gautam Adani ដែលលោកគឺជា CEO នៃក្រុមហ៊ុន Adani Groups ដែលកាន់កាប់មុខជំនួញជាច្រើនដែលមានដូចជា កំពង់ផែ Mundra Port, Adani Enterprises, Adani Green, Adani Total Gas, Adani Power ជាដើម។
បច្ចុប្បន្ន Adani គឺជាមហាសេដ្ឋីមានបំផុតទី ២ នៅប្រទេសឥណ្ឌា ដែលមានទំហំទ្រព្យសម្បត្តិប្រមាណ ៥២,៣ ពាន់លានដុល្លារ។
6/ Jack Ma

ស្ថាបនិកក្រុមហ៊ុនអាជីវកម្មអេឡិចត្រូនិកធំបំផុតមួយក្នុងពិភពលោក Alibaba គឺ Jack Ma ធ្លាប់កាន់តំណែងជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេសចិននៅឆ្នាំ ២០១៩ និង ២០២០ តែសម្រាប់ឆ្នាំនេះវិញ លោកខ្ទាតតំណែងមកឈរនៅលេខ ៤ វិញក្នុងនាមជាអ្នកមានបំផុតប្រចាំប្រទេស។
បច្ចុប្បន្នទំហំទ្រព្យសម្បត្តិរបស់ Jack Ma គឺមានប្រមាណ ៤៨,៤ ពាន់លានដុល្លារ។
7/ Masayoshi Son

ជាស្ថាបនិកក្រុមហ៊ុន SoftBank Group ហើយបច្ចុប្បន្នកំពុងកាន់តំណែងជាអ្នកមានបំផុតប្រចាំប្រទេសជប៉ុន ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៤៥,៤ ពាន់លានដុល្លារ។
8/ Tadashi Yanai

ជាអតីតអ្នកមានបំផុតប្រចាំប្រទេសជប៉ុន តែបច្ចុប្បន្នតំណែងមួយនោះគឺបានឆក់យកដោយលោក Son ស្របពេលស្ថាបនិកក្រុមហ៊ុនសម្លៀកបំពាក់ Fast Retailing ដែលជាក្រុមហ៊ុនគ្រប់គ្រងហាងសម្លៀកបំពាក់ល្បីល្បាញ Uniqlo ក៏រក្សាបានតំណែងជាមហាសេដ្ឋីទី ២នៅជប៉ុនផងដែរ ដោយមានទំហំទ្រព្យសម្បត្តិប្រមាណ ៤៤,១ ពាន់លានដុល្លារ។
9/ Wang Wei

ជាស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូនល្បីឈ្មោះមួយនៅប្រទេសចិន គឺ S.F. Holding ឬគេនិយមហៅថា SF Express។ បច្ចុប្បន្ន Wei មានទំហំទ្រព្យសម្បត្តិប្រមាណ ៣៩ ពាន់លានដុល្លារ។
10/ He Xiangjian

បុគ្គលចុងក្រោយនៃបញ្ជីមួយនេះ គឺជាស្ថាបនិកក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ធំបំផុតមួយក្នុងពិភពលោក Midea ហើយបើទោះបីជាលាលែងពីតំណែងជា CEO កាលពីឆ្នាំ ២០១២ និងបានផ្ទេរទៅឲ្យកូនប្រុសជាអ្នកកាន់កាប់ហើយក្ដី ក៏លោកនៅបន្តគ្រប់គ្រង Midea Group និង Midea Real Estate Holding ផងដែរ ដោយបច្ចុប្បន្នបុរសវ័យ ៧៨ ឆ្នាំមានទ្រព្យសម្បត្តិប្រមាណ ៣៧,៧ ពាន់លានដុល្លារ៕
ប្រភព: Asiatatler