ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្កដានេះ ដើម្បីបន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ខណៈដែលនេះជាមហិច្ឆតាក្នុងការប្រែក្លាយទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីលោកទីប្រឹក្សាក្រសួងពាណិជ្ជកម្ម អគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ អគ្គនាយកជំរុញពាណិជ្ជកម្ម អគ្គនាយកស្តីទីពាណិជ្ជកម្មក្នុងប្រទេស លោក-លោកស្រីអគ្គនាយករង ប្រធាន-ប្រធានស្តីទីនាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេសក្រសួងពាណិជ្ជកម្ម និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ២០រូប។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
កិច្ចប្រជុំបានបន្តពិនិត្យយ៉ាងលម្អិត ស្របតាមមាតិកា និងផ្នែកនីមួយៗ ព្រមទាំងបានផ្តល់ធាតុចូលកែលម្អខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយឱ្យមានភាពល្អប្រសើរ មុនដាក់ជូនកិច្ចប្រជុំក្រុមការងារចម្រុះអន្តរក្រសួងបន្តនាពេលខាងមុខ។
គោលនយោបាយជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីរបស់កម្ពុជា នាពេលខាងមុខ ដូចជា៖ ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។ កម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី និងបង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ
គួររម្លឹកជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពេលកន្លងទៅបានបង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញស្វាយចន្ទីចំនួនជិត២២ម៉ឺនតោន កើនឡើងចំនួនជាង៨% ទៅកាន់ទីផ្សារបរទេសសំខាន់ៗមួយចំនួនដូចជា វៀតណាម ថៃ ជប៉ុន រុស្ស៊ី ចិន ហុងកុង បារាំង កូរ៉េ តួកគី និងបង់ក្លាដែស៕