ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។
ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តម្រូវឲ្យក្រុមហ៊ុន ស្មាត ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្តខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់ និងត្រូវបើកលេខឲ្យម្ចាស់ដើមមានសិទ្ធិទទួលគ្រប់គ្រងវិញ។
បន្ថែមពីនេះ ក្រសួងក៏ណែនាំឲ្យក្រុមហ៊ុនត្រូវវែកមុខរកបុគ្គលដែលពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ មានអតិថិជនប្រេីប្រាស់សេវាកម្មទូរស័ព្ទក្រុមហ៊ុន SMART ម្នាក់បានដាក់ពាក្យប្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ ដោយចោទប្រកាន់ក្រុមហ៊ុនស្មាត (SMART) បានលួចលក់លេខទូរស័ព្ទរបស់ខ្លួន ដែលកំពុងប្រើប្រាស់រាល់ថ្ងៃឲ្យទៅបុគ្គលផ្សេងទៀតយកទៅប្រើប្រាស់ផ្ទុយពីច្បាប់។
បុរសជាអតិថិជននោះមានឈ្មោះលោកស៊ុន សុភ័ន្ត មុខរបរជាបុគ្គលិកក្រុមហ៊ុន ខេ. អ. អិន. អេ រចនា ប្រដាក់ ឯ.ក (កាវវិទ្យាសាស្រ្ត) តួនាទីជាប្រធានផ្នែកទីផ្សារ។ បើតាមបុរសរូបនេះបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោកបានចេញទៅបើកលុយតាមប្រព័ន្ធវីង ប៉ុន្តែបែរជាម្ចាស់វីងប្រាប់ថាមិនអាចដកលុយបាន ដោយលេខទូរស័ព្ទរបស់គាត់ ត្រូវបានផ្តាច់ចេញពីស៊ីមកាត ឆែកមិនចេញលេខ។ ភ្លាមៗបុរសរូបនោះ ក៏បានទូរស័ព្ទទៅប្រាប់ឲ្យម្ចាស់លុយដែលផ្ញើរមកប្រញាប់ទៅដកលុយចេញវិញ ពីព្រោះខ្លាចមានជនខិលខូចលួចលេខទូរស័ព្ទរបស់គាត់ ទៅប្រើប្រាស់ខុសផ្លូវច្បាប់ ខណៈលេខទូរស័ព្ទនេះ គឺគាត់បានយកអត្តសញ្ញាណប័ណ្ណរបស់គាត់ភ្ជាប់ជាមួយ ទេីបអាចទិញលេខនេះបាន។
បន្ទាប់ពីមានករណីនេះភ្លាម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បុរសជាអតិថិជនបានទៅដល់ក្រុមហ៊ុនស្មាត ( SMART) ដើម្បីឲ្យក្រុមហ៊ុនឆែកមើលលេខទូរស័ព្ទរបស់ខ្លួន ដោយសារតែគាត់ឆ្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុនផ្តាច់លេខទូរស័ព្ទរបស់គាត់ ខណៈដែលលេខទូរស័ព្ទមួយនេះគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ ហើយបែរជាមានអ្នកផ្សេងប្រើប្រាស់លេខនេះទៅវិញ។
ជាមួយគ្នានេះ បុរសជាអតិថិជនក៏បានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ ដើម្បីឲ្យសមត្ថកិច្ចជំនាញជួយស្រាវជ្រាវ និងមានវិធានការចំពោះបុគ្គលិក និងក្រុមហ៊ុនស្មាត(SMART) ដែលបានធ្វើសកម្មភាពទាំងនេះតាមច្បាប់ជាធរមាន។