ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់លេខទូរស័ព្ទ Prepaid ក្រុមហ៊ុន Smart បានធ្វើការបញ្ជាក់លើករណីកាត់លេខអតិថិជនពីប្រព័ន្ធ បើមិនបានអនុវត្តតាមគោលការណ៍ដែលបានកំណត់។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងលក្ខខណ្ឌជាគោលការណ៍ រាល់លេខទូរស័ព្ទ Prepaid ដែលបានលក់ជូនទៅអ្នកប្រើប្រាស់ អាចនៅជាកម្មសិទ្ធិក្នុងរយៈពេល ៩០ ថ្ងៃ ចាប់ពីថ្ងៃចុងក្រោយនៃការបញ្ចូលលុយ។ បន្ទាប់ពីរយៈពេល ៩០ ថ្ងៃ ក្រុមហ៊ុនមានសិទ្ធិបញ្ឈប់ការប្រើប្រាស់លេខទូរស័ព្ទ Prepaid នោះ ហើយលក់លេខនេះទៅអតិថិជនថ្មីទៀត។
បើតាមក្រុមហ៊ុនស្មាត មុនរយៈពេល ៩០ ថ្ងៃមកដល់ ក្រុមហ៊ុនក៏ជូនដំណឹងនិងក្រើនរំលឹកដល់អ្នកប្រើប្រាស់តាមរយៈសារ (SMS) ជាច្រើនលើកថា «លេខទូរស័ព្ទនឹងត្រូវធ្វើការដាក់លក់ឡើងវិញ ប្រសិនបើមិនបានធ្វើការបញ្ចូលលុយតាមកាលកំណត់»។
ក្រុមហ៊ុនបណ្តាញទូរសព្ទស្មាត បានរងការព្រមានពីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ លើករណីកាត់លេខទូរសព្ទអតិថិជនខុសគោលការណ៍ច្បាប់។
ក្រុមហ៊ុន Smart បានធ្វើការបញ្ជាក់នៅលើផេកផ្លូវការកាលពីម្សិលមិញនេះ ដោយបានដោះស្រាយជាមួយអតិថិជន និងស្វែងរកអ្នកទទួលខុសត្រូវភ្លាមៗផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏ស្នើសុំនិងធ្វើសេចក្តីណែនាំដល់អតិថិជន Smart ទាំងអស់ ឱ្យធ្វើបច្ចុប្បន្នភាពការចុះឈ្មោះលេខទូរស័ព្ទឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា៕