កន្លងមកប្រិយមិត្តប្រហែលជាធ្លាប់អានអត្ថបទទាក់ទងនឹងការទិញផ្ទះដោយការចាយកាក់ Bitcoin រួចម្ដងមកហើយ ដោយផ្ទះនោះស្ថិតនៅតំបន់ Beverly Hills តែសម្រាប់ផ្ទះមួយនេះវិញគឺ ស្ថិតនៅទីក្រុង Los Angeles រដ្ឋ California វិញម្ដង ដែលវាក៏អនុញ្ញាតឲ្យមានការទូទាត់ជាមួយរូបិយប័ណ្ណប្រភេទឌីជីថលនេះដូចគ្នា។
ផ្ទះមួយនេះ គឺជាអចលនទ្រព្យដំបូងទីក្រុង LA ដែលទទួលការទូទាត់ជា Bitcoin ហើយមានតម្លៃរហូតដល់ ៨៧,៧៧ លានដុល្លារឯណោះ ដែលបន្ទប់គេង ៧ បន្ទប់ទឹក ១១ ក៏ដូចជាបំពាក់មកជាមួយនូវគ្រឿងលំអ NFT ដ៏មានតម្លៃថ្លៃមួយឈុតផងដែរ។
ផ្ទាំងគំនូរ ឬរបស់ដាក់តាំងលំអប្រភេទ NFT បច្ចុប្បន្នកំពុងទទួលបានការគាំទ្រខ្លាំង រហូតដល់ផ្ទាំងគំនូរខ្លះមានតម្លៃដល់រាប់ពាន់លានដុល្លារក៏មានដែរ។ រីឯឈុត NFT ដែលបំពាក់មកស្រាប់នៅក្នុងផ្ទះនោះ គឺមានតម្លៃសរុបប្រមាណដល់ទៅ ៧លានដុល្លារឯណោះ។
ក្រៅពីបន្ទប់គេង បន្ទប់ទឹកដ៏ច្រើនហូរហែ និងឈុត NFT មួយឈុត ផ្ទះខាងលើក៏មានរចនាបទដ៏អស្ចារ្យច្រើនទៀត ដូចជាផ្ទះក្រាលដោយកញ្ចក់ កន្លែងចាក់ភ្លេង DJ អណ្ដែតទឹក អាងចិញ្ចឹមត្រីហុងស៊ុយ Koi ជាមួយនឹងជណ្ដើរយន្តកញ្ចក់ថែមទៀត ដែលធ្វើឲ្យភូមិគ្រឹះមួយនេះពិតជាស័ក្ដិសមនឹងតម្លៃ ៨៧ លានដុល្លារពិតមែន។
c
រំឭកដែរថា អ្នកដែលមានកាក់ Bitcoin ពីមុនហាក់មានការលំបាក ព្រោះបើទោះជាមានប្រាក់ឌីជីថលមែន តែមិនអាចទិញទំនិញបាន ខុសពីបច្ចុប្បន្ន Bitcoin ហាក់ទទួលបានការទទួលស្គាល់ច្រើន ដោយពេលនេះគេអាចចាយវាសម្រាប់ការទិញម្ហូបអាហារតាមអាហារដ្ឋាននានា ទិញសម្ភារៈប្រើប្រាស់ និងសូម្បីទិញផ្ទះជាដើម៕
ប្រភព: therichest