ទំហំពាណិជ្ជកម្មចិន-កម្ពុជា នឹង​សម្រេច​បាន​ ១០​ប៊ីលាននៅឆ្នាំ​២០២៣

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់ ក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាគីចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដែលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែងសម្រេចបានលើសពីទំហំរំពឹងទុក។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានទំហំជាង ៥,៨ ប៊ីលានដុល្លារអាមេរិក ពោលគឺមានកំណើន១៦% លើសការរំពឹងទុក។

នេះបើតាម លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២ ក្រោមមូលបទ “ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន” នៅថ្ងៃទី២៨ ខែកក្កដានេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

វេទិកានេះក៏មានការចូលរូមពីវាគ្មិនដែលជាឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវរបស់ប្រទេសទាំងពីរ ដើម្បីប្រមូលនូវគំនិត និងទស្សនៈទានគន្លឹះ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

លោក សុខ សុភ័ក្រ្ត និយាយថា ទោះក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់ ១០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ខាងមុខ។

លោកបានសង្កត់ធ្ងន់ថា ក្រៅពីការសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០កន្លងទៅ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួតរៀងរាល់ឆ្នាំ តាមរយៈការគាំទ្រ និងការផ្តល់ភាពបទបែនឲ្យគ្នានៅក្នុងកិច្ចចរចាក្នុងក្របខ័ណ្ឌតំបន់ និងសកល ហើយភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀង អនុស្សារណៈនៃការយោគយល់គ្នា និងពិធីសារនានាទាក់ទងនឹងពាណិជ្ជកម្ម-វិនិយោគ ដែលផ្តល់កាលានុវត្តភាពក្នុងការពង្រឹងពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែទូលាយ និងទំនើប។

លោករដ្ឋលេខាធិការបន្តថា អ្វីដែលជាមោទកភាពបំផុត គឺការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីសេសសល់ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានឆាប់ៗខាងមុខនេះ៕