ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានដឹងជ្រាបច្បាស់អំពីគម្រោងអភិវឌ្ឍន៍សាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកណ្ដាល ស្ទឹង និងខេត្តតាកែវត្រូវបានវិនិយោគទឹកប្រាក់វ៉ាល់លានដុល្លាររបស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺត្រូវចំណាយពេលសាងសង់ចន្លោះពី ៥ ឆ្នាំទៅ ១០ ឆ្នាំ ទើបសាងសង់រួចជាស្ថាពរ។ នេះបើតាមអ្នកឧកញ៉ា ពុង ឃាវសែ។
“ពេលចុះ Mou ខ្ញុំអាយុ ៧០ ឆ្នាំ ឥឡូវ ៧១ឆ្នាំ ហើយការសាងសង់ព្រលានយន្តចំណាយពេលពី ៥ ឆ្នាំទៅ១០ ឆ្នាំ។ អញ្ចឹងពេលធ្វើរួចខ្ញុំអាយុ ៨០ឆ្នាំ ។ ការងារនេះជាកិត្តិយសខ្ញុំខ្លាំងណាស់ សម្រាប់ជីវិតចុងក្រោយរបស់ខ្ញុំ”។ អ្នកឧកញ៉ា បន្ថែម។
ជាមួយគ្នានេះដែលលោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលផ្ដល់ទំនុកទុកចិត្តឱ្យទទួលកិច្ចការដ៏ធំសម្បើម និងជាប្រវត្តិសាស្ត្រនេះ បើទៅជាលោកមានវ័យកាន់តែច្រើនយ៉ាងណាក្ដី។
គិតមកត្រឹមបំណាច់ខែមេសា ឆ្នាំ២០២១ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សម្រេចការសាងសង់បានជាង២០ភាគរយហើយ។ នេះបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០៕