នៅស្រុកខ្មែរ ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក Nham24 អាចទប់ Foodpanda ជាប់ ខណៈប្រទេសនៅតំបន់អាស៊ានត្រូវបានFoodpanda ផ្តួលក្រុមហ៊ុនដឹកជញ្ជួននៅក្នុងស្រុកសឹងទាំងអស់។ ចំណែកស្រុកយើង Nham24 មិនត្រឹមទប់ជាប់ទេ ហេីយថែមទាំងយកចំណែកទីផ្សារបានច្រេីនទៀតផង។
ក្រុមហ៊ុន Nham24 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ និងបានរីកលូតលាស់ក្លាយទៅជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនម្ហូបអាហារធំជាងគេ និងលូតលាស់លឿនជាងគេមួយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Nham24 ប្រតិបត្តិការក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយសហការជាមួយភោជនីយដ្ឋានជាង ៥៥០ កន្លែងក្នុងប្រទេសកម្ពុជា។
តាមប្រវត្តខ្លះៗ ពីមុនក្រុមហ៊ុន Nham24 ជាក្រុមហ៊ុនតូចខ្លាំងមែនទែន ជួបឧបសគ្គច្រេីនដែលហាងអាហារល្បីៗមួយចំនួនគេមិនឱ្យដឹកទេ តែឥឡូវក្រុមហ៊ុនក្នុងស្រុកមួយនេះក្លាយជាក្រុមហ៊ុនដឹកជញ្ជួនដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនដឹកជញ្ជួនអន្តរជាតិធំៗនៅក្នុងស្រុកខ្មែរបាន ។
កាលពីឆ្នាំ២០១៨ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល (SADIF) របស់ក្រុមហ៊ុន Smart Axiata ក៏បានទិញហ៊ុនភាគតិចរបស់ ក្រុមហ៊ុន Nham24 ដែលបានក្លាយជាក្រុមហ៊ុនទីបី ដែលទទួលទុនវិនិយោគពីមូលនិធិ SADIF ជាគម្រោងប្រមូលផ្ដុំទៅដោយអាជីវកម្មឌីជីថលក្នុងស្រុក និងមានសក្តានុពល។
ការបោះទុនពីមូលនិធិ SADIF ទៅក្នុងក្រុមហ៊ុន Nham24 នេះត្រូវបានរំពឹងថា នឹងជួយដល់ការពង្រីកវិសាលភាពដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន តាមរយៈការបង្កើនដៃគូ និងការអភិវឌ្ឍកម្មវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន។
ក្រៅពីសេវាដឹកជញ្ជូនម្ហូបអាហារ ដែលអាចបញ្ជាទិញតាមទូរស័ព្ទចល័ត ឬនៅលើគេហទំព័រប្រកបដោយភាពច្នៃប្រឌិត ក្រុមហ៊ុន Nham24 ក៏បានដាក់ឲ្យដំណើការកម្មវិធី Nham24 Fresh ដែលអនុញ្ញាតឲ្យអតិថិជន បញ្ជាទិញគ្រឿងទេសគ្រប់មុខ និងដឹកជញ្ជូនដល់កន្លែងក្នុងរយៈពេលត្រឹមតែ២មោ៉ងប៉ុណ្ណោះ។
ក្រុមហ៊ុន Nham24 មានគម្រោងពង្រើកខ្លួននៅតាមបណ្ដាខេត្តធំៗផ្សេងទៀត ខណៈអាជីវកម្មដឹកជញ្ជូនម្ហូបអាហារក្លាយជាទីផ្សារត្រូវប៉ាន់ ដែលមានតម្រូវការខ្ពស់ពីអតិថិជន៕