ប្តូរ​​ទម្លាប់អាក្រក់ទាំង​​ ៩ ចំណុច​នេះចោលទៅ កុំំ​ឲ្យ​គេ​ថា​ រក​មួយ​ខែ​ចាយ​មួ​យ​ខែ

សង្គម​ និង​សេដ្ឋកិច្ច អន្តរជាតិ

គ្រប់គ្នា​​ធ្លាប់ឮ​​ធ្វើការ​យូរមិន​ដែល​សល់​ ឬ​និយាយ​ឲ្យ​ខ្លី រក​មួយ​ខែ​សម្រាប់​ចាយ​មួយ​ខែ។ មាន​កត្តា​ជាច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​រកលុយ​បាន​ត្រឹម​តែ​មួយ​រស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោម​ជា​​ទម្លាប់​ចាយវាយ​អាក្រក់ ៩ យ៉ាង​ដែល​វា​តែង​កើត​មាន​ជា​ប្រចាំ​តែម្ដង៖

1/ មិន​ចេះ​សន្សំសំចៃ​

ជា​ការពិត​មិន​ថា​ អ្នក​មាន​ចំណូល​ច្រើន​ប៉ុណ្ណា ប្រសិន​បើ​អ្នក​មិន​ចេះ​សន្សំសំចៃ រិះថាំ​ខ្លះ អ្នក​នឹង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ជា​មិនខាន។ ជំនួស​ឲ្យ​ការ​ញាំ​អាហារ​ថ្លៃៗ​ខាង​ក្រៅ រៀងរាល់​សប្ដាហ៍ អ្នក​អាច​កាត់បន្ថយ​មក​ត្រឹម ១-២ ដង​ក្នុង​មួយ​ខែ ក៏​អាច​ហៅ​ថា​ជា​ការ​សន្សំ​ដែរ។

2/ ការ​ចាយវាយ​ហួស​ប្រមាណ

មុន​សម្រេច​ចិត្ត​ទិញ​ផលិតផល​អ្វី​មួយ​ អ្នក​គួរ​សួរ​ខ្លួនឯង​ជាមុន​សិន តើ​វា​ពិតជា​ចាំបាច់​ដែរ​ទេ? ហើយ​សម្រាប់​ការ​បង់ប្រាក់​ប្រចាំ​ខែ​ក៏​ដូចគ្នា តើ​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក ដូចជា​ការ​បង់ Netflix ឬក៏​កាត​សមាជិក​តាម​ក្លឹប​ហាត់ប្រាណ​ជាដើម។​

3/ ចាយវាយ​តាម​កាត​ឥណទាន

អាច​និយាយ​ថា​នៅ​ស្រុក​យើង​ ការចាយវាយ​តាម​កាត​ឥណទាន (Credit Card) គឺ​មិនទាន់​ពេញ​និយម​ឡើយ តែ​តាមពិត​ទៅ​ការ​ចាយ​តាម Credit Card គឺ​ដូចគ្នា​នឹង​ការ​ខ្ចី​លុយ​ធនាគារ​អញ្ចឹង​។ ព្រោះ​ជា​រៀងរាល់​ខែ​ អ្នក​នឹង​តម្រូវ​ឲ្យ​បង់​ការប្រាក់​សម្រាប់​ការប្រើប្រាស់​កាត​ឥណទាន ហើយ​ទំនិញ​ខ្លះ មាន​តម្លៃ​ថ្លៃ​ជាង​ទូទៅ​ពេល​ទូទាត់​តាម​ Credit Card ទៀត​ផង។

4/ ទិញ​ឡាន​ថ្មី

ចំណុច​មួយ​នេះ ស្ដាប់​ទៅ​ហាក់​ដូចជា​ គ្មាន​អ្វី​ខុស​ទេ គ្រាន់តែ​ទិញ​ឡាន​ថ្មី​មួយ​គ្រឿង​សោះ។ ពិត​ហើយ​ប្រសិនបើ​អ្នក​ អាច​រ៉ាប់រង​ការ​ចំណាយ​ វា​គ្មាន​បញ្ហា​អ្វី​ឡើយ។ តែ​ប្រសិនបើ​អ្នក​បង់​រំលោះ​ឡាន​ថ្មី​ទើប​ជា​បញ្ហា។ អ្នក​អាច​នឹង​បង់​ការប្រាក់​ខ្ពស់​ជាង​តម្លៃ​ដើម ហើយ​ប្រសិនបើ​មាន​លុយ​ល្មម ហេតុអ្វី​មិន​ពិចារណា​ទិញ​ឡាន​មួយទឹក ឬ​ក៏​ឡាន​សេរី​ទាប ហើយ​ត្រូវ​តាម​តម្រូវការ​ ជាជាង​ទិញ​ឡាន​ថ្មី​ ខុស​តម្រូវការ ហើយ​ត្រូវ​បង់​ការប្រាក់​ថែម​ទៀត​នោះ។

5/ ចាយ​លុយ​ច្រើន​ពេក​ទៅ​លើ​ការ​ទិញ​ផ្ទះ

ត្រង់​ចំណុច​នេះ អាច​មាន​មនុស្ស​ជាច្រើន​យល់ឃើញ​ខុស ព្រោះ​គ្រប់គ្នា​គិត​ថា ផ្ទះ​កាន់តែ​ធំ គឺ​កាន់តែ​ប្រសើរ។ តែ​ប្រសិនបើ​អ្នក​មាន​សមាជិកគ្រួសារ​តែ ៤ នាក់ តើ​ចាំបាច់​ទេ​ក្នុង​ការ​ទិញ​ផ្ទះ​ទំហំ​ធំ? ផ្ទះ​កាន់តែ​ធំ ថ្លៃ​បង់ពន្ធ​កាន់តែ​ច្រើន ថ្លៃ​ថែទាំ​ក៏​រឹតតែ​ខ្ពស់ នេះ​នៅ​មិនទាន់​គិត​ដល់​ថ្លៃ​ទឹក​ភ្លើង​ផង។

6/ ធ្វើការ​មួយ​ខែ​សម្រាប់​ចាយវាយ​មួយ​ខែ

អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជាច្រើន​បាន​ដាស់តឿន​ថា អ្នក​គួរ​មាន​ប្រាក់​សម្រាប់​ទុក​សាកួរ​ពេល​មាន​បញ្ហា​ជា​បន្ទាន់​ យ៉ាង​តិច​ស្មើ ៣ ខែ​នៃ​ប្រាក់​ចំណូល​របស់​អ្នក ព្រោះ​ហេតុការណ៍​ផ្សេង​ដូចជា ការ​បាត់បង់​ការងារ ឬ​ក៏​បញ្ហា​សេដ្ឋកិច្ច​អាច​កើតមាន​ឡើង​ក្នុង​ពេលណា​ក៏​មិន​ដឹង។

ឧបមា​ថា បើ​សុខៗ​ស្រាប់​តែ​ក្រុមហ៊ុន​ដែល​អ្នក​កំពុង​ធ្វើការ​ដួល​បះជើង គ្មាន​ប្រាក់​បើក​ឲ្យ​បុគ្គលិក តើ​អ្នក​នឹង​គិត​បែប​ណា​ បើ​អ្នក​គ្មាន​ប្រាក់​សាកួរ​ផង?

7/ មិន​ធ្វើការ​វិនិយោគ

បើ​ពឹង​តែ​ចំណូល​តែ​មួយ​ប្រភព អ្នក​អាច​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្លាំង​ណាស់ ដូច្នេះ​អ្នក​គួរ​យក​ប្រាក់​មួយ​ចំនួន​ដែល​សន្សំ​ទុក​ ទៅ​ធ្វើការ​វិនិយោគ​ផ្សេងៗ ដើម្បី​អាច​រក​ចំណូល​បាន​ពី​ប្រភព​ក្រៅ​ខ្លះ។

8/ ដោះ​បំណុល​ជាមួយ​ប្រាក់សន្សំ

អ្នក​គួរ​បែងចែក​ឲ្យ​ដាច់​រវាង​ប្រាក់សន្សំ និង​ប្រាក់បំណុល ព្រោះ​ប្រាក់សន្សំ​គឺ​ទុក​សម្រាប់​រយៈពេល​យូរ រីឯ​ប្រាក់បំណុល​អ្នក​អាច​បង់​រំលោះ​វា​បាន​ប្រចាំខែ។ ជាទូទៅ​ អ្នក​ជាប់បំណុល​គឺ​ដោយសារ​ តែ​ការចាយវាយ​ខ្ជះខ្ជាយ ហើយ​បើសិនជា​ដោះ​បំណុល​កាន់តែ​លឿន ការចាយវាយ​ខ្ជះខ្ជាយ​នឹង​បន្ត​កើត​មាន​ឥត​ឈប់ឈរ។​

ដូច្នេះ ប្រសិនបើ​អ្នក​ចង់​យក​ប្រាក់សន្សំ ទៅ​ដោះ​បំណុល​ នោះ​មិនយូរ​មិន​ឆាប់ ប្រាក់សន្សំ​ក៏​អស់ បំណុល​ក៏​កាន់តែ​កើន។

9/ គ្មាន​គម្រោង​ច្បាស់លាស់

ផែនការ​ហិរញ្ញវត្ថុ​នា​ថ្ងៃ​អនាគត​របស់​អ្នក​ ស៊ីសង​និង​ទិដ្ឋភាព​កើត​មាន​បច្ចុប្បន្ន។ គ្រប់គ្នា​អាច​ចំណាយ​ពេល​រាប់ម៉ោង​មើល Drama ស្ដាប់​គេ Live លក់​ផលិតផល តែ​មិន​មាន​ពេល ២ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​រៀបចំ​ការចាយវាយ​ប្រចាំ​ខែ។

បន្ទាប់ពី​អាន​គ្រប់​ចំណុច​ហើយ ប្រិយមិត្ត​ប្រហែល​ជា​អាច​យល់​ច្បាស់​ពី​ឫសគល់​នៃ​ការ​ធ្វើការ​មិន​សល់​លុយ​ ហើយ​ក៏​អាច​កែប្រែ​ទម្លាប់​មួយ​ចំនួន​បាន​ផង​ដែរ៕

ប្រភព: investopedia