នៅដើមខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោថ្មីសន្លាងមួយនៃខេត្តកំពត ដែលកាត់ចេញពីឃុំចំនួន ០៣ ពីស្រុកទឹកឈូក គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោកស្រី ងិន ផលរ័ត្ន ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ កាលពីខែកក្កដាកន្លងទៅ។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ជាវ តាយ អភិបាលខេត្ត ថ្លែងក្នុងកិច្ចប្រជុំណែនាំជំរុញដល់មន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈប្រកាសដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការ កាលពីថ្ងៃទី ០៦ សីហា បានឲ្យដឹងថា នៅថ្ងៃទី ១២ សីហា ខាងមុខនេះ នឹងឈានដល់ការរៀបចំពិធីប្រកាស ដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការ ដើម្បីបម្រើសេវារដ្ឋបាល សេវាសាធារណៈ និង កិច្ចអភិវឌ្ឍន៍មូលដ្ឋាន ជូនតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត។
លោកអភិបាល បញ្ជាក់ថា ដោយផ្អែកលើសភាពជាក់ស្ដែង ដែលរដ្ឋបាលក្រុងបូកគោ ជាក្រុងមួយទើបបានបង្កើតថ្មី ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន សំដៅធ្វើឲ្យសេដ្ឋកិច្ចសង្គម និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និង ក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ ក៏ដូចជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែផ្ដល់អនុសាសន៍ជូនដល់រដ្ឋបាលខេត្តឲ្យមានការយកចិត្តទុកដាក់ពីបញ្ហាប្រឈមក្នុងចំណុចចាប់ផ្ដើម ដើម្បីជំរុញដំណើរការដល់រដ្ឋបាលក្រុងបូកគោ ដែលពុំទាន់មានអគាររដ្ឋបាលនៅឡើយ ដោយធ្វើយ៉ាងណាឲ្យរដ្ឋបាលក្រុងបូកគោ ប្រព្រឹត្តទៅក្នុងជំហានដំបូងនេះ បានបម្រើទាំងប្រយោជន៍សេវារដ្ឋបាល សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានល្អ។
ទាក់ទងនឹងការបង្កើតក្រុងថ្មីនេះ នាយករដ្ឋបាលខេត្តកំពត លោក វិត វឌ្ឍនា មានប្រសាសន៍ថា៖ ការបង្កើតទីក្រុងបូកគោនៅក្នុងខេត្តកំពតនឹងជួយឱ្យការអភិវឌ្ឍនៅទីនោះមានភាពល្អប្រសើរខ្លាំងជាងតំបន់ផ្សេងៗទៀត ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ទឹក និងភ្លើ្លងជាដើម។ លើសពីនេះ តម្លៃដីនៅទីនោះក៏នឹងមានសន្ទុះខ្លាំងផងដែរ ដោយសារតែគេសង្ឃឹមថានឹងមានគម្រោងវិនិយោគមួយចំនួនចូលមកបោះទុននៅក្នុង និងនៅបរិវេណជុំវិញទីក្រុងបូកគោនេះ។
ឯកឧត្តមឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍នៅកម្ពុជា បានថ្លែងថា៖ ជារឿងល្អបំផុតដែលរាជរដ្ឋាភិបាល បានបង្កើតក្រុងបូកគោថ្មី នៅក្នុងខេត្តកំពតដែលនឹងជួយលើកមុខមាត់ខេត្តមួយនេះ។ មិនតែប៉ុណ្ណោះ នឹងធ្វើឲ្យមានការរីកចម្រើនលើវិស័យសង្គមកិច្ច និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់បូកគោ។
ឯកឧត្តមបានបញ្ជាក់ថា នៅពេលដែលបង្កើតក្រុងថ្មី សេដ្ឋកិច្ចនៅតំបន់នោះកាន់តែរីកចម្រើន ហើយការអភិវឌ្ឍន៍ផ្សេងៗ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងការរក្សាសន្តិសុខនៅតំបន់បូកគោរឹតតែមានភាពល្អប្រសើរឡើងថែមទៀត។
ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត ជាវ តាយ បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីរដ្ឋបាលក្រុងបូកគោ ដែលទើបបង្កើតថ្មីនេះ ត្រូវតែយកចិត្តទុកដាក់សហការគ្នាប្រើធនធានដែលមានស្រាប់ឲ្យអស់លទ្ធភាព ជម្នះនូវបញ្ហាប្រឈមខ្វះខាតចំពោះមុខ នៃចំណុចចាប់ផ្ដើមរដ្ឋបាលក្រុងដំបូងនេះឲ្យបានល្អ និង ត្រូវឈានដល់ជំហានបន្តបន្ទាប់ទៀត រដ្ឋបាលក្រុង នឹងកសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលរបស់ខ្លួន ឲ្យមានលក្ខណៈល្អប្រសើរ ដើម្បីបម្រើប្រយោជន៍សេវារដ្ឋបាល និងសេវាសាធារណៈ ព្រមទាំងកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តបានយកសណ្ឋាគារមួយកន្លែង ដែលផ្ដល់ដោយឯកជន ជាប់ផ្លូវជាតិលេខ ៣ ទល់ចំណុចប្រសព្វផ្លូវឡើងឧទ្យានព្រះមុនីវង្សបូកគោ ស្ថិតក្នុងសង្កាត់បឹងទូក ធ្វើជាទីតាំងអគាររដ្ឋបាលក្រុងបូកគោ សម្រាប់បម្រើការងារជូនប្រជាពលរដ្ឋ៕