Foodpanda ចាយ​ពេល ៩ ឆ្នាំ ទីបំផុត​អាច​ក្ដោបក្ដាប់​ទីផ្សារ​ដឹក​ជញ្ជូន​ចំណី​អាហារ​ធំ​បំផុត​នៅ​អាស៊ី

សង្គម​ និង​សេដ្ឋកិច្ច អន្តរជាតិ

Foodpanda គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​ចំណីអាហារ​រហ័ស​ទាន់ចិត្ត​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ Foodpanda មិនមែន​ទើប​នឹង​មាន​នៅ​កម្ពុជា​យើង​ឡើយ ពោល​គឺ​វា​មាន​ពាសពេញ​បណ្ដា​ប្រទេស​នៅ​ទ្វីបអាស៊ី​តែម្ដង និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី​។ ក្រុមហ៊ុន​នេះ​គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Delivery Hero ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ឆ្នាំ ២០១២ Lukas Nagel និង Rico Wyder បាន​ចាប់ផ្ដើម​បង្កើត Foodpanda នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ និង​ក្រោយ​មក​ពង្រីក​សាខា​ដល់​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ប្រទេស​ថៃ។ មួយឆ្នាំ​បន្ទាប់ Foodpanda មាន​វត្តមាន​នៅ​ប្រទេស​រ៉ូម៉ានី​ និង​នៅ​បង់ក្លាដេស​ ដែល​មាន​បុគ្គលិក​រហូត​ដល់ ២ ម៉ឺន​នាក់ និង​បច្ចុប្បន្ន​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចំណី​អាហារ​ធំ​បំផុត​ប្រចាំ​ប្រទេស​បង់ក្លាដេស​។

នៅ​ឆ្នាំ ២០១៤ Foodpanda មាន​នៅ​ហុងគ្រី​ ហើយ​ក៏​បាន​ពង្រីក​សាខា​ដល់​ប្រទេស​ប៉ាគីស្ថាន​ និង​ក្រោយ​មក​ដល់​ប្រទេស​ហ្វីលីពីន​។

៥​ឆ្នាំ​បន្ទាប់ គឺ​ ២០១៩ ដល់ ២០២០ Foodpanda ចាប់ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ីអាគ្នេយ៍​សាជាថ្មី​ដោយ​ពង្រីក​សាខា​ចូល​ដល់​ប្រទេស​កម្ពុជា ភូមា និង​ឡាវ។ លុះ​ដល់​ខែ​កញ្ញា ២០២០ ក្រុមហ៊ុន​នេះ​ពង្រីក​វិសាលភាព​ដល់​ប្រទេស​ជប៉ុន​ថែមទៀត​ និង​គ្រប់គ្រង​ទីក្រុង​ ៦ ធំៗ​ដូចជា Kobe, Yokohama, Nagoya, Sapporo, Fukuoka and Hiroshima និង​ក្រោយមក​ថែម​បាន ២ ទីក្រុង​ទៀត​គឺ Osaka និង Kyoto។

វាយលុក​ទីផ្សារ​ជប៉ុន​ទើប​បាន ៣ ខែ នៅ​ចុងឆ្នាំ​ ២០២០ Delivery Hero ប្រកាស​​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំណីអាហារ​ធំ​បំផុត​នៅ​កូរ៉េខាងត្បូង​ Woowa Brothers Corp., ក្នុង​តម្លៃ​ ៤ ពាន់​លាន​ដុល្លារ​ថែមទៀត។

ក្រៅពី​នោះ Foodpanda ក៏​ធ្លាប់​មាន​ទីតាំង​នៅ​ឥណ្ឌា​​ និង​រុស្ស៊ី​ផង​ដែរ​ តែ​ដោយសារ​មិន​អាច​សម្រប​ខ្លួន​បាន ក៏​ប្រកាស​លក់​ក្រុមហ៊ុន​នៅ​ទីនោះ។ បច្ចុប្បន្ន Foodpanda គឺ​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំណីអាហារ​ធំ​បំផុត​នៅ​អាស៊ី​ ដោយ​មាន​ ១២ សាខា​ទូទាំង​ទ្វីបអាស៊ី និង ៣ សាខា​នៅ​តំបន់​អឺរ៉ុប៕

ប្រភព: Wikipedia