ដំណើរជីវិត Jordan “ពិសី” Windle កីឡាករជម្រើសជាតិលោតទឹកអាមេរិក ដើមកំណើតខ្មែរអង្គរ

សង្គម​ និង​សេដ្ឋកិច្ច

ប្រិយមិត្តប្រហែលជាបានជ្រាបខ្លះៗ ជុំវិញជីវប្រវត្តិ ដំណើរជីវិតឆ្លងទ្វីបរបស់កុមារ Jordan មានឈាមជ័រជាកូនខ្មែរ ហើយត្រូវបាន ឱពុកចិញ្ចឹមជាជនជាតិអាមេរិកកាំង សុំយកទៅចិញ្ចឹមតាំងពីគាត់ មានអាយុត្រឹម ១៨ ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ខាងក្រោមនេះ គឺជាដំណើរជីវិតលម្អិត ដែលត្រូវបានចុះផ្សាយដោយស្ថាប័នព័ត៌មានអន្តរជាតិ ABC News៖

លោក Jerry Windle មានបំណងចង់ក្លាយជាឪពុករបស់ កុមារា Jordan តាំងតែពីនៅវ័យជំទង់មកម្ល៉េះ។ ប៉ុន្តែគាត់ដឹងច្បាស់ថា ខ្លួនជាមនុស្សខ្ទើ.យ (Gay) ម្នាក់ ដែលនេះជាឧបសគ្គមួយក្នុងការក្លាយជាឪពុកគេ។អ្វីៗបានផ្លាស់ប្ដូរ ពោលក្រោយពេលម្ដាយគាត់ស្លាប់ Jerry កាលនោះមានវ័យជាង ៣០ឆ្នាំ បានផ្លាស់ពី Califonia ទៅរស់នៅ Florida ។

មានពេលមួយនោះ លោក Jerry Windle បានអានទស្សនាវដ្ដីមួយក្បាល ហើយក៏បានជួបព័ត៌មានពាក់ព័ន្ធបុរសនៅលីវម្នាក់ ចិញ្ចឹមកូនធម៌ប្រុស។ ភ្លាមនោះ លោកបានទូរសព្ទទៅទីភ្នាក់ងារ ដើម្បីសួរនាំពីលទ្ធភាពនៃការស្នើសុំចិញ្ចឹមកូនធម៌ដោយបុរសនៅលីវម្នាក់ ហើយទីភ្នាក់ងារបានឆ្លើយថា «គ្មានបញ្ហាទេ»។ គ្រាន់តែលឺបែបនេះ Jerry ស្ទុះស្ទាបំពេញឯកសារផ្លូវច្បាប់រួចរាល់ ដោយប្រើពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះ។ត្រឹមពេលដ៏ខ្លី ក្រោយបំពេញឯកសារស្នើរួច បុរសត្រកូល Windle ទទួលបានពត៌មានពីក្មេងប្រុសកំព្រាម្នាក់នៅកម្ពុជា ដែលអនុញ្ញាតឲ្យស្មូមយកទៅចិញ្ចឹមបាន។

ពេលទីភ្នាក់ងារផ្ដល់រូបថត និងប្រាប់ថាគេឈ្មោះ ពិសី ក្នុងអារម្មណ៍លោកប្រាប់ថា «នេះហើយគឺជាកូនរបស់ខ្ញុំ»។ ក្រោយរត់ការអស់ពេល ៥ខែ Jerry បានយក ពិសី ទៅអាមេរិកនៅខែមិថុនា ឆ្នាំ ២០០០ ដោយបានដាក់ឈ្មោះថា Jordan ។

ថ្ងៃដំបូងដែលបានបី ពិសី គាត់បានសន្យាថា នឹងធ្វើជាឪពុកដ៏ល្អបំផុតម្នាក់ ឲ្យអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន។ ពេល ពិសី មានអាយុ ៧ឆ្នាំ វាជាចំនុចចាប់ផ្ដើមនៃជីវិតជាអ្នកកីឡាលោតទឹក (Diving) ដែលកាលនោះឪពុកចិញ្ចឹមរបស់គេ បានចុះឈ្មោះឲ្យគេចូលរួមក្នុងកម្មវិធីបោះជំរុំហែលទឹករដូវក្ដៅមួយ។

«ថ្ងៃមួយ កម្មវិធីហ្វឹកហាត់បានឈានដល់វគ្គបង្រៀនលោតទឹក។ ពួកគេបានឲ្យក្មេងៗទាំងអស់ លោតចេញពីក្ដារទៅក្នុងទឹក ហើយពេលខ្ញុំជូន ពិសី ទៅទីនោះ បុគ្គលិកម្នាក់បាននិយាយមកខ្ញុំថា “អ្នកត្រូវជំរុញឲ្យគេក្លាយជាអ្នកលោតទឹក។ គេនឹងក្លាយជាជើងឯកថ្នាក់ជាតិ ហើយអាចនឹងក្លាយជាអត្តពលិកអូឡាំពិក នៅថ្ងៃមួយទៀតផង”»។ តាមពិត បុរសម្នាក់នោះ គឺលោក Tim O’Brien ឪពុកបង្កើតរបស់លោក Ron O’Brien គ្រូបង្វឹកលោតទឹកអូឡាំពិកដ៏ល្បីល្បាញរបស់អាមេរិក ដែលផលិតបានជយលាភីមេដាយមាសជាច្រើន។

មួយឆ្នាំក្រោយប្រឡូកពេញទំហឹងជាមួយកីឡាលោតទឹក ពិសី បានក្លាយជាជើងឯកថ្នាក់ជាតិកម្រិតយុវជន។ ជោគជ័យនេះ ធ្វើឲ្យឪពុករបស់គេ ជំរុញលើកទឹកចិត្ត ពិសី ទ្វេដង ពិសេសការជ្រោមជ្រែងដ៏ខ្ពស់បំផុត តាមលទ្ធភាពរបស់លោក។ក្នុងអាយុ ១៦ឆ្នាំ ពិសី បានមកជាន់ទឹកដីកម្ពុជាលើកដំបូង ជាទឹកដីដែលគេធ្លាប់តែបានឮពីមាត់ឪពុករបស់ខ្លួន ក្នុងពេលធំធាត់នៅអាមេរិក ព្រោះ Jerry តែងតែនិយាយឲ្យគេបានដឹង បានយល់ពីប្រជាជន និងវប្បធម៌របស់កម្ពុជា។ លើសពីនេះ គេបានសាក់រូបទង់ជាតិកម្ពុជាលើដៃខាងឆ្វេងទៀតផង។

គួរឱ្យដឹងដែរថា ពិសី ខកខានទទួលបានកៅអី នៅក្នុងក្រុមកីឡាលោតទឹកអូឡាំពិកអាមេរិក ២លើករួចមកហើយ។ ប៉ុន្តែក្នុងការធ្វើតេស្តកាលពីខែមិថុនាកន្លងទៅ គេជាប់ចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសា ១០ម៉ែត្រ ដែលជួយឲ្យគេក្លាយជាកីឡាករតំណាងអាមេរិក ក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំនេះ។សល់មិនប៉ុន្មានម៉ោងទៀតទេ យុវជនវ័យ ២២ឆ្នាំ Jordan “Pisey” Windle នឹងប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំបង្អស់ក្នុងអាជីពរបស់គេហើយ។ កុំភ្លេចតាមដានលទ្ធផលប្រកួតវគ្គជម្រុះដំបូងរបស់ ពិសី ដែលនឹងចាប់ផ្ដើមនាម៉ោង ១រសៀលនេះ៕

ប្រែសម្រួលដោយ៖ Rous Kanal 14