ភីហ្សាហាត់ (Pizza Hut) ដែលជាម៉ាកខ្នាតយក្សរបស់សហរដ្ឋអាមេរិក នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅខែសីហាខាងមុខនេះ ដែលនាំមកនូវរសជាតិភីហ្សាលំដាប់ថ្នាក់ពិភពលោកដល់ពលរដ្ឋកម្ពុជា។ សាខាដំបូងបង្អស់ ដែលនឹងបើកនៅរាជធានីភ្នំពេញ នៅសង្កាត់ទួលទំពូង ដែលជាសង្កាត់ពេញនិយមរបស់ជនបរទេស ក៏ដូចជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកផងដែរ។
ក្រុមហ៊ុន United Food Group ដែលជាក្រុមហ៊ុនក្នុងស្រុកដែលមានបុត្រសម្ពន្ធភោជនីយដ្ឋាន Park Café ដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ទទួលបានសិទ្ធិអាជីវកម្មផ្តាច់មុខ ខណៈក្រុមហ៊ុនមានផែនការពង្រីកសាខាចំនួន ៣០ហាង ក្នុងរយៈពេល២ ទៅ៣ឆ្នាំ ខាងមុខ។
ភីហ្សាហាត់ជាបុត្រសម្ពន្ធរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក បង្កើតឡើងនៅឆ្នាំ១៩៥៨ មានប្រតិបិត្តិការជាង ១៨,០០០ហាង នៅជាង ១០០ ប្រទេសលើពិភពលោក។
ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារដែលគ្រប់គ្រងដោយ V Trust Group វិនិយោគជាមួយ EMIA កម្ពុជាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG បង្កើតឡើងនៅក្នុងឆ្នាំ 2020 ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូន ម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើបជាមួយស្តង់ដារលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនកម្ពុជា៕