មក​ស្គាល់​ស្ថាបនិក​ហាង​ផាក កាហ្វេ ហាង​អាហារ​​មិន​ប្រើ​ប៊ីចេង​មាន​ប្រវត្តិ​ជាង ២០ ឆ្នាំ​នៅ​ស្រុក​ខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

អ្នក​រកស៊ី បុគ្គលិក​ក្រុមហ៊ុន​នានា​ស្គាល់​ច្បាស់​ណាស់​ហាង​ផាក កាហ្វេ ជា​ហាង​អាហារ​ក្នុង​ស្រុក​មួយ​ដែល​បម្រើ​ម្ហូប​អាហារ​មិន​ប្រើ​ប៊ីចេង ដែល​ទទួល​បាន​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ពី​អ្នក​ស្វែងរក​អាហារ​សុខភាព​នៅ​ទីក្រុង​ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រវត្តិ​ហាង​ផាក កាហ្វ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤ គិត​មក​ដល់​ឆ្នាំ​២០២០ នេះ​មាន​ជាង ២០ សាខា​ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ពង្រីក​ដល់​ខេត្ត​កំពង់ចាម និង​ក្រុង​ព្រះសីហនុ។

អ្នក​នៅ​ពីក្រោយ​ជោគជ័យ​នៃ​អាជីវកម្ម​ផ្នែក​អាហារ​នេះ​គឺ​លោក​គុយ វ៉ាត។ លោក​គុយ វ៉ាត គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន V Trust Group ដែល​គ្រប់គ្រង​លើ​ភោជនីយដ្ឋាន​ផាក​កាហ្វេ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ទៀត។

លោក គុយ វ៉ាត អគ្គ​នាយក​ក្រុមហ៊ុន VTrust Group ចាប់​ផ្តើម​អាជីវកម្ម​នៅ​ឆ្នាំ ២០០៣។ ក្រុមហ៊ុន​ដំបូង​ដែល​លោក​បើក​ដំណើរការ គឺ​ក្រុមហ៊ុន Atech IT Solutions បន្ទាប់​មក​ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន​អចលន​ទ្រព្យ VTrust Property Co., Ltd រោង​ម៉ាស៊ីន​កិន​ថ្ម​នៅ​ខេត្ត​កំពង់ស្ពឺ Kamhwa Stone Crushing និង​ក្រុមហ៊ុន Vtrust Appraisal Co., Ltd។ នា​ឆ្នាំ ២០០៨ លោក​បាន​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ចំនួន ២ បន្ថែម​ទៀត គឺ​ក្រុមហ៊ុន Impact Digital Advertising និង​ក្រុមហ៊ុន Phnom Penh Security Plc។

ចាប់​ផ្តើម​អាជីវកម្ម​នៅ​ឆ្នាំ ២០០៣ រហូត​មក​ដល់​ពេល​នេះ​លោក គុយ វ៉ាត អគ្គ​នាយក​ក្រុមហ៊ុន VTrust Group គឺជា​បុគ្គល​ដ៏​ជោគ​ជ័យ​មួយ​រូប​នៅ​ក្នុង​ពិភព​ជំនួញ​នៅ​កម្ពុជា។

ដោយ​ចាក​ចេញ​ពី​ស្រុក​កំណើត​នៅ​ភូមិ ត្រពាំងព្រៃ ឃុំ ត្របែក ស្រុក កំចាយមារ ខេត្ត ព្រៃវែង ដើម្បី​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ សន្ធរម៉ុក រាជធានី​ភ្នំពេញ លោក គុយ វ៉ាត បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ ១៩៩១ ហើយ​បាន​បន្ត​ការ​សិក្សា​ភាសា​ចិន និង​អង់គ្លេស មុន​ពេល​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០៣។

ក្រៅ​ពី​តួនាទី​ដឹក​នាំ​នៅ V Trust Groupលោក​ក៏​មាន​តួនាទី​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្លិប​អ្នក​វិនិយោគ​កម្ពុជា​មាន​សមាជិក​ជា​អ្នក​ជំនួញ​ជាង ១០០ នាក់។

អ្នក​ជំនួញ​ដើម​កំណើត​មកពី​ខេត្ត​ព្រៃវែង​នេះ ក៏​ជា​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ Century 21 ដែល​មក​ទល់​ពេល​នេះ ក្រុមហ៊ុន Century 21 Cambodia មាន​ការិយាល័យ​ចំនួន ២៣ ការិយាល័យ​នៅ​ភ្នំពេញ ដែល​ប្រតិបត្តិការ​ដោយ​ប្រើ​យីហោ Century 21 និង​មាន​សាខា ៣៨ នៅ​ទូទាំង​ប្រទេស​កម្ពុជា (១៤ ខណ្ឌ​នៅ​ភ្នំពេញ និង ២៤ តាម​បណ្តា​ខេត្ត) ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ​សរុប​ជាង ៧០០នាក់។

ក្រុមហ៊ុន​យូណាយ​ធីតហ្វូត​គ្រុប (UFG) ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​និង​ជា​បុត្រ​សម្ព័ន្ធ​របស់ V Trust Group  ថ្មីៗ​នេះ បាន​ទិញ​ franchize ប្រេន​ភីហ្សា​ហាត់​ដែល​ជា​ម៉ាក​ខ្នាត​យក្ស​របស់​សហរដ្ឋ​អាមេរិក។ ភីហ្សា​ហាត់​ជា​បុត្រ​សម្ពន​របស់ Yum! Brands, Inc. (NYSE: YUM) ដែល​មាន​ហាង​ភីហ្សា​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក បង្កើត​ឡើង​នៅ​ឆ្នាំ១៩៥៨ មាន​ប្រតិបត្តិការ​ជាង ១៨ ០០០ ហាង នៅ​ជាង ១០០ ប្រទេស​។

ហាង​ភីហ្សា​ដើម​កំណើត​អាមេរិក​នេះ គ្រោង​បើក​សាខា​ដំបូង​នៅ​រាជធានី​ភ្នំពេញ ដោយ​បោះ​មូលដ្ឋាន​វាយ​លុក​ទីផ្សារ​ដំបូង​នៅ​តំបន់​ទួលទំពូង ដែល​ជា​សង្កាត់​ពេញនិយម​របស់​ជនបរទេស ក៏​ដូចជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មមាញឹក ហើយ​គ្រោង​បើក​ពីរ​សាខា​ទៀត​នៅ​ឆ្នាំ​២០២១៕