អ្នកស្រី Yang Huiyan បានក្លាយជាសេដ្ឋីនីមានបំផុតប្រចាំប្រទេសចិនក្នុងឆ្នាំ ២០២១ ដោយស្ថិតត្រឹមវ័យ ៣៩ ឆ្នាំ អ្នកស្រីមានទំហំទ្រព្យសម្បត្តិប្រមាណ ៣២,៩ ពាន់លានដុល្លារ។ នេះបើតាមប្រភពពី Forbes។

បើទោះបីជា ជាប់ឈ្មោះជាស្ត្រីមានបំផុតប្រចាំប្រទេស តែជីវិតឯកជនរបស់ Huiyan មិនត្រូវបានគេស្គាល់ច្រើននោះឡើយ ដោយគេគ្រាន់តែដឹងថា អ្នកស្រីគឺជាកូនស្រីអ្នកជំនួញក្ដោបក្ដាប់វិស័យអចលនទ្រព្យធំដាច់គេនៅប្រទេសចិនគឺលោក Yang Guoqing។

បើតាមការចុះផ្សាយពី South China Morning Post លោក Guoqing គឺជាស្ថាបនិកក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតនៅចិន។
ដោយឡែកសម្រាប់អ្នកស្រី Huiyan វិញ អាចនិយាយបានថា ធំដឹងក្ដីជាមួយគំនរទ្រព្យសម្បត្តិទៅហើយ ដោយកាលពីឆ្នាំ ២០០៧ ឪពុករបស់អ្នកស្រីបានផ្ទេរចំណែកភាគហ៊ុន ៧០% ទៅឲ្យអ្នកស្រី ដែលកាលនោះទើបមានវ័យ ២៥ ឆ្នាំប៉ុណ្ណោះ។

ប្រភពព័ត៌មានមួយទម្លាយថា សេដ្ឋីនីរូបនេះអាចរកបានដល់ទៅ ២ ពាន់លានដុល្លារឯណោះ ក្នុងរយៈពេល ៤ ថ្ងៃ ពោលគឺ នៅពេលភាគហ៊ុន Country Garden ចាប់ផ្ដើមដាក់លក់នៅរយៈពេល ៤ ថ្ងៃដំបូងនៃឆ្នាំថ្មីតែម្ដង។
បច្ចុប្បន្ន អ្នកស្រី Yang Huiyan គឺជាម្ចាស់ភាគហ៊ុនធំបំផុតប្រចាំក្រុមហ៊ុន Country Garden ដែលមាន ៥៧% នៃភាគហ៊ុនទាំងមូល។ ក្រៅពីនាមជាសេដ្ឋីនីមានបំផុតប្រចាំប្រទេសចិន Huiyan ក៏ជាស្ត្រីមានបំផុតទី ៧ នៅលើពិភពលោកផងដែរ៕
ប្រភព: nairametrics