វិស័យភស្តុភារកម្ម (Logistics) និងដឹកជញ្ជូន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចយ៉ាងលឿនជាងគេមួយក្នុងចំណោមវិស័យដទៃៗទៀត។ ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យ ភស្តុភារកម្ម (Logistics) និងដឹកជញ្ជូន តាមគ្រប់មធ្យោបាយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាគមភស្ដុភារកម្មកម្ពុជាបានជួបពិភាក្សានឹងកំពុងបន្តសហការគ្នាដើម្បីអភិវឌ្ឍន៍វិស័យភស្តុភារកម្ម (Logistics) និងដឹកជញ្ជូនកម្ពុជា ខណៈដែលវិស័យមួយនេះបាននិងបន្តទទួលរងនូវ ផលប៉ះពាល់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្មណ៍បំផុតពីវិបត្តិកូវីដ-១៩។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១១ ខែសីហាម្សិលមិញ ក្រោមវត្តមានលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណៈការនឹងដឹកជញ្ជូន និងលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាលនិងលេខាធិការរដ្ឋានសមាគម និង វិទ្យាស្ថានជាច្រើនរូបទៀតផងដែរ។
ការជួបពិភាក្សានេះធ្វើឡើង ក្នុងន័យរួមគ្នាក្នុងការបង្កើនក៏ដូចជាពង្រីកធនធានមនុស្សដែលកំពុងតែមានការខ្វះខាតច្រើនលើវិស័យភស្តុភារកម្ម និង ដឹកជញ្ជូនគ្រប់មធ្យោបាយ និងដើម្បីស្វែងរកកិច្ចសហប្រតិបត្ដិការរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា ជំរុញការអប់រំបណ្ដុះបណ្ដាល និង ធ្វើការផ្សព្វផ្សាយនិងបង្កើនការយល់ដឹងអំពីវិស័យភស្ដុភារកម្ម ឱកាសការងារ សក្ដានុពល និងសារៈសំខាន់របស់វិស័យនេះ។
សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា គ្រោងនឹងបន្ដកិច្ចសហប្រតិបត្ដិការ និងពិនិត្យលទ្ធភាពចុះអនុស្សារណៈ នៃការយោគយល់ជាមួយគ្នា៕