ការវិនិយោគមិនមែន គ្រាន់តែមានលុយហើយបោះទុនវិនិយោគចំណេញនោះទេ ទាមទារឱ្យមានការសិក្សាស្វែងច្រើនអំពីមូលដ្ឋានគ្រឹះនៃការវិនិយោគ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ខាងក្រោមនេះ គឺជាការលើកឡើងរបស់អ្នកជំនាញ ដែលមានបទពិសោធន៍លើវិស័យអចលនទ្រព្យផ្នែកខុនដូ អំពីការវិនិយោគខុនដូលើកដំបូង ដោយចំណាយទុនវិនិយោគតិច តែអាចលក់ចេញ ឬជួលចំណេញបានច្រើនត្រឡប់មកវិញ។
មានប្រសាសន៍ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក លោក ង៉ែត តារា ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ IPIN បានពន្យល់ថា៖ ដើម្បីវិនិយោគ ឬទិញខុនដូលើកដំបូងដោយប្រើប្រាស់ដើមទុនតិចបាន លោកអ្នកអាចគិតដល់ ២ជម្រើស៖

ជម្រើសទី១ អាចយកវិធីបង់រំលស់ជាមួយធនាគារមានការប្រាក់ទាប ដែលគម្រោងអភិវឌ្ឍន៍ខុនដូខ្លះ តម្រូវឱ្យយើងបង់ប្រាក់កក់តិច រំលស់ច្រើន ឬខ្លះទៀតបង់រំលស់១០០%តែម្តង ធ្វើឱ្យយើងប្រើប្រាស់លុយតិចជាងធម្មតា។ ប្រសិនបើយើងសម្រេចចិត្តបង់រំសល់១០០% គឺយើងប្រើដើមទុនតែ១០០០ ឬ២០០០ដុល្លារ រួចបង់រំលស់យកតែម្តង។
ជម្រើសទី២ យើងអាចសហការជាមួយមិត្តភ័ក្ត ឬមនុស្សជាទីស្រលាញ់ ចូលហ៊ុនគ្នា ដើម្បីធ្វើការបង់រំលស់ វាក៏ជាជម្រើសល្អ សម្រាប់អ្នកវិនិយោគលើដំបូង។ ធ្វើដូច្នេះ យើងនឹងមិនសូវប្រើប្រាស់ដើមទុនច្រើន ដូចការវិនិយោគតែម្នាក់ឯងឡើយ។

អ្នកជំនាញអចលនទ្រព្យជាន់ខ្ពស់ ប្រចាំក្រុមហ៊ុន IPIN ដដែលរូបនេះ បញ្ជាក់បន្ថែមថា៖ មុនសម្រេចចិត្តវិនិយោគលើគម្រោងខុនដូណាមួយនោះត្រូវតែពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់ ជាពិសេសជ្រើសរើសទីតាំងមានសក្តានុពលខ្លាំង ប្រវត្តិអ្នកអភិវឌ្ឍន៍មានកេរ្តិ៍ឈ្មោះល្អ គុណភាពសំណង់ និងគម្រោងអភិវឌ្ឍន៍ស្របច្បាប់ដែរ ឬទេ?
សម្រាប់តម្លៃខុនដូ គម្រោងនីមួយៗប្រែប្រួលតាមការសាងសង់ ទិញមុនពេលសង់ ក្រោយបុកគ្រឹះ និងសង់ឡើងជាន់ទី១ ទី២ទៅ តម្លៃក៏ខុសៗគ្នាទៅតាមនោះដែរ។ដូច្នេះបើយើងជឿជាក់គម្រោងអភិវឌ្ឍន៍ច្បាស់ហើយគួរទិញមុនបុកគ្រឹះ ដែលគេទើបប្រកាសលក់លើកដំបូង តម្លៃធូរថ្លៃជាងកំពុងសាងសង់ ឬសង់ចប់។

ចំណែកលោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោក ERA ធ្លាប់មានប្រសាសន៍ថា ដើម្បីវិនិយោគខុនដូរទទួលផលចំណេញ ដំបូងត្រូវគិតលើទីតាំង ព្រោះជាទូទៅខុនដូរដែល្អ ត្រូវតែអភិវឌ្ឍន៍នៅទីតាំងល្អដែរ។
ទីតាំងពិតជាមានសារៈសំខាន់ ដែលយើងត្រូវគិត និងវិភាគឱ្យបានល្អ បើមិនចឹងទេ អាចមានបញ្ហាក្រោយពេលទិញ ហើយរឿងតម្លៃចាំគិតតាមក្រោយ។ លោក ខន គង្គារ បន្ថែម៕