បច្ចុប្បន្ន ចំនួនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារទូទាំងពិភពលោកមានប្រមាណ ២ ៧៥៥ នាក់ ឬ ០,០០០២៧ នៃចំនួនប្រជាជនសរុបទូទាំងពិភពលោក ហើយក្នុងចំណោមមហាសេដ្ឋីទាំងអស់ ៦៧% គឺរកស៊ីពីបាតដៃទទេ។

យោងតាមការស្រាវជ្រាវពីលោក Rafael Badziag ដែលបានធ្វើការសម្ភាសន៍មហាសេដ្ឋីចំនួន ២១ រូប ដើម្បីនិពន្ធសៀវភៅមានចំណងជើងថា The Billion Dollar Secret បានទម្លាយឲ្យដឹងថា អ្នកអភិជនទាំងនេះ ជាទូទៅគឺមានចំណុច ៣ ដូចគ្នាទាំងអស់ ដែលចំណុចអស់ទាំងនោះមានដូចជា៖
1/ ពួកគេមិនដែលប្រើពាក្យ “ចាំសិន” ឡើយ
លោក Badziag បានលើកឡើងថា មូលហេតុដែលគ្រប់គ្នាភាគច្រើនមិនទទួលបានភាពជោគជ័យក្នុងជីវិត គឺដោយសារពួកគេច្រើនតែរង់ចាំពេលវេលា ឬឱកាសទាល់តែល្អមែនទែន ទើបពួកគេហ៊ានធ្វើ តែតាមការពិតឱកាសល្អអស្ចារ្យទាំងនេះ វាកើតឡើងពីខ្លួនយើងទេ។

សម្រាប់មហាសេដ្ឋីដែលគ្មានទ្រព្យអ្វីទាំងអស់ពីដើមមក ពួកគេគឺតែព្យាយាមឈោងចាប់ក្ដីស្រមៃមិនថាស្ថិតក្នុងកាលៈទេសៈបែបណាឡើយ។
ជាក់ស្ដែង មហាសេដ្ឋីឥណ្ឌា Narayana Murthy ដែលជាសហស្ថាបនិកក្រុមហ៊ុន IT ដ៏ធំឈ្មោះ Infosys ដែលគិតជាប្រាក់ច្រើនជាង ៤៥ ពាន់លានដុល្លារ និងមានទ្រព្យផ្ទាល់ខ្លួនប្រមាណ ២,៤ ពាន់លានដុល្លារ គឺកើតចេញពីគ្រួសារក្រខ្សត់ប៉ុណ្ណោះ ដែលកាលពីដើមឡើយ លោកនិងគ្រួសារគ្មានទាំងគ្រែក្នុងផ្ទះផង ពោលគឺក្រុមគ្រួសារទាំងអស់ត្រូវដេកផ្ទាល់លើឥដ្ឋ។
តែទោះជាគ្មានលុយ Murthy តែងចង់ដឹងចង់លឺ និងឧស្សាហ៍ទៅបណ្ណាល័យសាធារណៈនៅក្នុងតំបន់រស់នៅ និងជឿថា បច្ចេកវិទ្យាគឺជាអនាគត ទើបលោកតស៊ូជំនះគ្រប់ឧបសគ្គ ទម្រាំមានបានដូចសព្វថ្ងៃ។
2/ ពួកគេមិនធ្វើការដើម្បីតែប្រាក់
ស្របពេលដែលមនុស្សទូទៅធ្វើការចង់បានប្រាក់ខែច្រើន តែមិនហ៊ានប្រថុយចេញរកចំណូលឲ្យច្រើន ពួកមហាសេដ្ឋីភាគច្រើនមិនសូវគិតគូរប៉ុន្មានទេអំពីរឿងប្រាក់ខែ តែជំនួសមកវិញ គឺអារម្មណ៍ស្រឡាញ់ និងគោលដៅដែលពួកគេចង់បាន។

ជាក់ស្ដែង ស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ដែលបានចែកឋានទៅកាលពីឆ្នាំ ២០១១ តែងនិយាយជារឿយៗថា៖ “នៅពេលខ្ញុំអាយុ ២៣ឆ្នាំ ខ្ញុំមានលុយច្រើនជាង ១ លានដុល្លារ ពេលខ្ញុំអាយុ ២៤ ឆ្នាំខ្ញុំមានច្រើនជាង ១០ លានដុល្លារ ហើយពេលខ្ញុំអាយុ ២៥ ខ្ញុំមានច្រើនជាង១០០ លានដុល្លារ តែវាមិនសំខាន់ឡើយ ព្រោះខ្ញុំមិនដែលធ្វើរឿងអស់នេះដើម្បីលុយទេ”។ គោលគំនិតនៃការបង្កើតទូរស័ព្ទឆ្លាតវៃ Apple ឡើងមក គឺ Steve Jobs ចង់ឲ្យគ្រប់គ្នាអាចប្រើប្រាស់វាដូចនឹងកុំព្យូទ័រ ហើយក្ដីស្រមៃរបស់លោកបច្ចុប្បន្នក៏បានក្លាយជាការពិតដែរ។
3/ ពួកគេជាមនុស្សចេះសន្សំសំចៃ
បើយោងតាម Badziag បានឲ្យដឹងថា ជាទូទៅមនុស្សដែលមិនហ៊ានប្រថុយរកប្រាក់ចំណូលខ្ពស់ គឺជាមនុស្សដែលចូលចិត្តចំណាយ។ តែសម្រាប់មហាសេដ្ឋីមួយចំនួនធំគឺ ខុសពីប្រភេទមនុស្សខាងលើ គឺពួកគេសប្បាយចិត្តនឹងការទទួលបានចំណូលច្រើន តែមិនចូលចិត្តចំណាយឡើយ។

ជាក់ស្ដែង បិតាវិនិយោគិន Warren Buffett ដែលជាមហាសេដ្ឋីមានបំផុតទី ៦ លើលោក និងមានទ្រព្យសម្បត្តិច្រើនជាង ១០០ ពាន់លានដុល្លារ លោកបែរជាបន្តរស់នៅផ្ទះចាស់ដែលបានទិញកាលពីឆ្នាំ ១៩៥៨ ក្នុងតម្លៃ ៣១ ៥០០ដុល្លារប៉ុណ្ណោះ ខណៈសេដ្ឋីល្មមមានលុយតិចជាងលោក បែរជាទិញភូមិគ្រឹះស្កឹមស្កៃតម្លៃរាប់លានដុល្លារទៅវិញ។

រីឯអាហារពេលព្រឹកវិញ បុរសវ័យ ៩០ ឆ្នាំបន្តរក្សាទម្លាប់ចាស់ គឺចាយត្រឹម ៣,១៧ ដុល្លារ/ថ្ងៃប៉ុណ្ណោះ នៅហាងប៊ឺហ្គឺ McDonald ស្របពេលមហាសេដ្ឋី Bill Gates វិញក៏បន្តពាក់នាឡិកាតម្លៃមិនលើស ១០០ ដុល្លារដដែល៕
ប្រភព: cnbc