ក្រសួងមុខងារសាធារណៈ បានប្រកាសជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការស៊ីវិលពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចំនួន ៧៩កន្លែង ចូលក្នុងការប្រឡងជ្រើសរើសក្នុងក្រសួង ស្ថាប័នទាំង ៨ របស់ក្រសួងយុត្តិធម៌។ ការប្រឡងនេះសម្រាប់បេក្ខជនក្របខ័ណ្ឌប្រភេទ ក និងខ លើមុខជំនាញ នីតិសាស្ត្រ រដ្ឋបាលសាធារណៈ នីតិសាធារណៈ ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងធនាគារហិរញ្ញវត្ថុអភិវឌ្ឍន៍សេដ្ធកិច្ច គណនេយ្យនិងហិរញ្ញវត្ថុ ភាសាអង់គ្លេស និងព័ត៌មានវិទ្យា។
ក-លក្ខខណ្ឌជ្រើសរើស
១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
២. បេក្ខជនត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
៣. លក្ខខណ្ឌអាយុ ត្រូវបានកំណត់ក្នុងផែនការឆ្នាំ ដូចមានខាងក្រោម៖
– បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌ
– បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬសមមូល ត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ
– បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឬសមមូល ត្រូវមានអាយុច្រើនបំផុត ៥ឆ្នាំ
– បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររងឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៤ឆ្នាំ។
៤. ចំពោះបេក្ខជនជាមន្ត្រីរាជការ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
-បេក្ខជនជាមន្ត្រីរាជការត្រូវមានលិខិតអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងពីប្រធានក្រសួង ស្ថាប័នសាមី។ ក្រោយពេល ប្រឡងជាប់ជាស្ថាពរ នៅតាមក្រសួង ស្ថាប័ន ឬអង្គភាពណាមួយ ហើយត្រូវបានរៀបចំផ្ទេរក្របខ័ណ្ឌទៅកន្លែងថ្មី បេក្ខជន ជាមន្ត្រីរាជការត្រូវបានរក្សាអតីតភាពការងារ ប៉ុន្តែមិនរក្សាមុខតំណែងគ្រប់គ្រងទេ។
៥. មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ
៦. ចំពោះបេក្ខជនជានារី ជនពិការ និងអ្នករស់នៅតំបន់ដាច់ស្រយាល ត្រូវបានផ្តល់អាទិភាព និងលើកទឹកចិត្ត
៧. សញ្ញាបត្រ ឬ លិខិតបញ្ជាក់ការសិក្សាគ្រប់កម្រិតជំនាញ ត្រូវបានដាក់វិធានការដូចខាងក្រោម៖
– ករណីរកឃើញមានការក្លែងបន្លំសញ្ញាបត្រ ឬ លិខិតស្នាមផ្សេងៗ បេក្ខជននឹងត្រូវលុបឈ្មោះចេញជាស្វ័យ ប្រវត្តិ ទោះបីជាបេក្ខជននោះប្រឡងជាប់ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នណាមួយក៏ដោយ
– ចំពោះសញ្ញាបត្រដែលបានបញ្ចប់ការសិក្សាពីបរទេស ឬសញ្ញាបត្រជាភាសាបរទេស ត្រូវយកទៅបញ្ជាក់ជា ភាសាជាតិ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។