ក្រុមហ៊ុន វីរៈប៊ុនថាំ៖ ចាប់ភ្លាមទាមទារពិន័យ ៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?

សង្គម​ និង​សេដ្ឋកិច្ច

កម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី នៅថ្ងៃទី១៧ សីហាម្សិលមិញ បានឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ អេចប្រេស ដែលអាជ្ញាធរបានអះអាងថាអំពើល្មើសច្បាប់ ក្នុងការលួចបង្កប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលលួចបង្កប់ដឹកសត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកបន្តថា រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ រថយន្តខាងលើនេះចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។

លោក លី សុផា បញ្ជាក់ថា៖ “ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល”។

ទាក់ទងនឹងករណីដែលអាជ្ញាធរលើកឡើងថាក្រុមហ៊ុនបានលួចបង្កប់ដឹកសត្វតុកកែ ល្មើសច្បាប់ ក្រុមហ៊ុន វីរៈប៊ុនថាំ បានដាក់ជាសំនួរទៅកាន់លោក លី សុផា វិញថា ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ? ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា? មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?

បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន? ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ? អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?5-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បន្ថែម។

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ បានបញ្ជាក់ប្រាប់គេហទំព័រឧកញ៉ាញូស៍ថា៖ “ខ្ញុំឃើញប្រតិកម្មច្រើនពីមហាជនទូទៅ ហើយគិតមកដល់ម៉ោងនេះយើងរងចាំដំណោះស្រាយនៅឡើយទេ”

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ដើម្បីចាត់ការតាមនិតិវិធី។

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនបញ្ញើ និងដឹកឥវ៉ាន់ឈានមុខគេយូឆ្នាំមកហើយនៅប្រទេសកម្ពុជា ក្រុមហ៊ុនសង្ឃឹមនឹងទទួលបានការដោះលែងប្រកបដោយយុត្តិធម៌៕