ប្រជាកសិករដែលប្រកបអាជីវកម្មដាំផ្លែមៀន និងតាង៉ែននៅខេត្តប៉ៃលិន បានត្អូញត្អែររហូតស្នើសុំជំនួយពីរាជរដ្ឋាភិបាលឲ្យជួយដោះស្រាយរកទីផ្សារឲ្យ ដ្បិតពេលនេះពួកគាត់ធ្វើដំណាំទទួលបានផលច្រើនណាស់ តែលក់មិនចេញឡើយ សល់រាប់ម៉ឺនតោនឯណោះ។

ប្រមុខរដ្ឋាភិបាល និងសេដ្ឋីៗក្នុងស្រុកជាច្រើន បានចំណាយលុយជួយទិញមៀន និងតាង៉ែនពីប្រជាជននៅខេត្តប៉ៃលិន បាត់ដំបងជាច្រើនតោន។ ជាក់ស្ដែង ឧកញ៉ាឡេង ណាវ៉ាត់ត្រា ទើបប្រកាសថា លោកនឹងជួយទិញមៀន និងតាង៉ែនពីប្រជាកសិករចំនួន ១ ពាន់តោន យកមកដាក់លក់នៅក្នុងផ្សារកសិផលធម្មជាតិក្នុងតម្លៃត្រឹមតែ ១ ៩០០ រៀល/គីឡូប៉ុណ្ណោះ។

ប្រសិនបើយើងចង់មានសហគ្រាសខ្នាតតូចមួយផលិតផ្លែឈើកំប៉ុងដូចជាប្រទេសជិតខាង វាក៏អាចជួយសម្រួលដល់ការលំបាករបស់ប្រជាកសិករមួយកម្រិតទៀតផងដែរ។
បើយោងតាមឯកសារពីសហគ្រាសខ្នាតតូចជាមធ្យមនៅកម្ពុជា ការដំណើរការសហគ្រាសខ្នាតតូចមួយអាចចំណាយទុនពី ៥ម៉ឺនដុល្លារទៅ ២៥ ម៉ឺនដុល្លារ មានកម្មករពី ១០ នាក់ ទៅ ៥០ នាក់។ តែបើសហគ្រាសខ្នាតមធ្យមមានកម្មករពី ៥០ នាក់ ទៅ ១០០ នាក់ អាចប្រើទុនពី ២៥ ម៉ឺន ទៅ ៥ សែនដុល្លារ។ ទុនចំណាយនេះមិនរាប់បញ្ចូលថ្លៃដីនោះទេ។


បើតាមគេហទំព័រ Starterstory ការបើកអាជីវកម្មផ្លែឈើកំប៉ុងមានផលវិជ្ជមាន និងអវិជ្ជមាន។ ផលវិជ្ជមានមានដូចជាគឺ៖
- ចំណាយដើមតិច
- ទទួលលទ្ធផលលឿន
- ងាយស្រួលរកអតិថិជនក្នុងស្រុក
- សម្រួលទីផ្សារកសិផលក្នុងស្រុក
- មានបទពិសោធន៍ថ្មីៗ
- អាចរកចំណូលបានច្រើន និងមានរយៈពេលយូរអង្វែង
- អាជីវកម្មមិនមានភាពសាំញ៉ាំច្រើន
ដោយឡែកផលអវិជ្ជមានវិញ គឺមានដូចជា៖
- រយៈពេលនៃការផលិតយូរ
- អាចមានភាពរាំងស្ទះដោយសារផ្លែឈើប្រមូលផលមិនទាន់ពេល
- ពន្ធថ្លៃ
- មិនមានស្ថិរភាពចំណូល
- ហានិភ័យនៃភាពបរាជ័យ
- អាចមានដៃគូប្រជែងច្រើននាពេលអនាគត
យ៉ាងណា អាជីវកម្មមួយអាចទទួលបានភាពជោគជ័យ លុះត្រាតែមានការតាំងចិត្តខ្ពស់ ការខិតខំប្រឹងប្រែង និងហ៊ានលះបង់ពេលវេលា ទើបអាចទទួលបានលទ្ធផលល្អជាទីគាប់ចិត្តបាន៕
ប្រភព: starterstory