មៀនប៉ៃលិន ឬតាង៉ែន ជាផ្លែឈឺម៉្យាង ដែលភាគច្រើនត្រូវបានគេដាំដុះនៅក្នុងខេត្តប៉ៃលិន។ ចំពោះផ្លែឈើប្រភេទនេះ មានរសជាតិផ្អែម ស្រដៀង នឹងមៀនធម្មតាយើងដែរ តែវាមានសាច់ច្រើនជាង ទំហំធំជាង ប៉ុន្តែមិនសូវមានក្លិបក្រអូបដូចពូជមៀនខ្មែរយើងនោះទេ ចំណែកឯសម្បុរវា ដូចគ្នានឹងមៀនធម្មតាដែរ ពោលគឺដូចគ្នាស្ទើតែធ្វើឲ្យយើងច្រឡំទៀតផង ដូច្នេះហើយទើបប្រជាជនយើងមួយចំនួន តែងគិតថាជាប្រភេទផ្លែមៀនដូចគ្នា និងមានខ្លះទៀតមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាគេដាក់ឈ្មោះថាតាង៉ែនបែបនេះ ។



យ៉ាងណាបើតាមអ្នកស្រុកប៉ៃលិនមួយចំនួន ថាប្រវត្តិមៀនប៉ៃលិន ឬតាង៉ែននេះ កើតមានឡើងតាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ។ កាលនោះសម្តេចតានៃយើង គឺព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តសីហនុ ព្រះអង្គបានសព្វព្រះទ័យនាំយកពូជមៀនប៉ៃលិននេះមកពីប្រទេសចិន។ ប្រជាជនចិន និយមហៅថា “ផ្លែភ្នែកនាគ” ។

ប៉ុន្តសម្រាប់ប្រជាជនខ្មែរដែលរស់តំបន់ក្នុងខេត្តប៉ៃលិន បានហៅប្រភេទមៀននេះថាជា “តាង៉ែន ឬដើមតាង៉ែន” ដោយសារតែពួកគាត់ឃើញថាផ្លែវាមានភាពស្រដៀងគ្នាទៅនឹងផ្លែមៀនធម្មតារបស់ខ្មែរ តែគ្រាន់មានទំហំធំជាង សាច់ក្រាស់ជាង និងស្លឹកធំជាង កត្តាទាំងអស់នេះហើយទើបពួកគាត់ហៅមៀនប៉ៃលិនថាជា ” តាង៉ែន ឬដើមតាង៉ែន ” ព្រោះថាពាក្យតាង៉ែននេះចង់មានន័យថា ខុសគេ ប្លែកពីគេ ឧទារហ៍ដូចជាមនុស្សតាង៉ែន ដែលចង់សំដៅលើមនុស្សខុសគេ មនុស្សប្លែកពីគេនោះឯង ។
ប៉ុន្តែយ៉ាងណា មកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាបានដាក់ឈ្មោះថា មៀនប៉ៃលិន ឬផ្លែមៀនប៉ៃលិនវិញ ដោយសារតែវាមានប្រភពដាំដុះដំបូងគេនៅក្នុងខេត្តប៉ៃលិន។ កាលពីមុនមៀនប៉ៃលិនផ្តល់ផ្លែ ២ ដង ក្នុងមួយឆ្នាំ គឺចុងខែមករា និងមេសា ប៉ុន្តែដោយសារតែវិទ្យាសាស្ត្រនាពេលបច្ចុប្បន្នមានការជឿនលឿន គឺគេគ្រាន់តែដាក់ជីបន្តិច នោះនឹងទទួលបានផលគ្រប់រដូវកាលតែម្តង។ ចំពោះរបៀបដាំគឺគេដាក់ដំាតាង៉ែនជាជួរៗ ដោយឃ្លាតគ្នាប្រវែងប្រហែល ១ ម៉ែត្រ ពីដើមមួយទៅដើមមួយទៀត ដើម្បីអាចឲ្យវាទទួលបានពន្លឺ និងជីវជាតិគ្រប់គ្រាន់ សម្រាប់ដើមនីមួយៗ ហើយអ្វីដែលសំខាន់បំផុត មៀនប៉ៃលិនត្រូវការទឹកចាំបាច់បំផុត ។


បច្ចុប្បន្នមៀនប៉ៃលិននេះ បានពង្រីកទីផ្សារយ៉ាងខ្លាំង ដោយនៅបណ្តាខេត្តផ្សេងៗដូចជា ខេត្តបាត់ដំបង កំពង់ចាម កំពត ពោធិសាត់ និងខេត្តជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាក៏បានងាកមកដាំប្រភេទដំណាំនេះដែរ ។
គួរបញ្ជាក់ថាមៀនប៉ៃលិន អាចរាប់បានថាជាផ្លែឈើដ៏មានប្រជាប្រិយភាពខ្លាំងមួយ ដោយសារតែជាប្រភេទផ្លែឈើហូបផ្លែ ដែលមិនប៉ះពាល់សុខភាព ហើយមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យបើធៀបទៅនឹងផ្លែឈើហូបផ្លែដ៏ទៃទៀត ។ ប្រភព៖ Wikipedia


